សន្ដិសុខសង្គម

ក្រុមចោរជិះម៉ូតូ​ឆក់យកដប​សាំងគេលក់ចិញ្ចើមផ្លូវដួលប្រកាច់ប្រកិន

ភ្នំពេញ៖ក្រុមចោរហារយបានជិះម៉ូតូឆក់យកដបសាំងគេលក់ចិញ្ចើមផ្លូវ ក៏ដួលប្រកាច់ប្រកិន​រួចលើកម៉ូតូបើករត់ទាំងព្រលឹងចុងសក់។ករណីនេះបានកើតឡើងនៅមុខផ្ទះលក់ទំនិញមួយ​ជាប់កែងវត្តព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី២២ ខែមីនា។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញអ្នកលក់ប្តីប្រពន្ធដើរចេញពីក្នុងផ្ទះ និងឈរនិយាយគ្នានៅមុខកន្លែងលក់ដូរ។

មួយសន្ទុះក្រោយមកស្រាប់តែមានក្រុមស្ទាវ២នាក់ជិះម៉ូតូម៉ាក Scoopy ឌុបគ្នាចូលមកអែបចិញ្ចើមផ្លូវ​រួចឆក់យកដបសាំងតែម្តង។ដោយសារតែទាញដបសាំងមិនចេញបានដួលម៉ូតូយ៉ាងប្រកាច់ប្រកិន។ភ្លាមៗនោះចោរម្នាក់ដែលជាអ្នកឆក់ បានស្រវេស្រវាងើបរត់និងម្នាក់ទៀតជាអ្នកឌុប បានលើកម៉ូតូបើករត់គេចខ្លួនដោយមានម៉ូតូបក្ខពួកមួយគ្រឿងទៀតជិះពីក្រោយ។

ពេលនោះអ្នកលក់ទាំងប្តីប្រពន្ធឈរភាំងដោយមិននឹកស្មានថា ពួកគេឆក់យកដបសាំងនោះទេ។ធ្លាប់តែឃើញចោរឆក់យកកាបូប ឬទូរសព្ទ តែពេលនេះឆក់ដបសាំង ធ្វើឱ្យពួកគាត់ហួសចិត្ត។ក្រោយកើតហេតុក៏មានការភ្ញាក់ផ្អើល ពលរដ្ឋបានចេញមកជាច្រើនដើម្បីប៉ងស្វាគមន៍ក្រុមចោរ តែពួកគេបានរត់បាត់អស់៕ដោយ៖វិចិត្រ