អន្តរជាតិ

អាម៉េរិកនឹងបញ្ជូនកំពូលរថក្រោះ Abrams ទៅអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ

សហរដ្ឋអាម៉េរិកនឹងបញ្ជូនកំពូលរថក្រោះ Abrams ទៅអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ខណៈដែលប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ក៏នឹងទៅដល់តាមក្រោយតាមពេលវេលាកំណត់​ផងដែរ។

នេះបើតាមការជូនដំណឹងផ្ទាល់ដោយមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារទី ២១ ខែមីនា ឆ្នាំ២០២៣។ ឧត្តមសេនីយ៍ទោ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងការសម្របសម្រួលជាមួយទីក្រុង Kyiv ទីក្រុងវ៉ាស៊ីនតោន “បានធ្វើការសម្រេចចិត្តក្នុងការ ផ្តល់នូវរថក្រោះ M1A1 Abrams” ដែលមាននៅក្នុង​ឃ្លាំង​អាវុធរបស់ខ្លួនបច្ចុប្បន្ន មិនចាំនូវផលិតថ្មីទេដើម្បីកុំឲ្យយូរ។ លោក Ryder ថា “នេះនឹងអាចឱ្យយើង​ពន្លឿនពេលវេលាចែកចាយយ៉ាងសំខាន់ និងផ្តល់នូវសមត្ថភាពដ៏សំខាន់នេះដល់អ៊ុយក្រែន​នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ”។

លោក Ryder បានបន្ថែមថា “យើងមានទំនុកចិត្ត យើងក៏នឹងអាចបញ្ជូន Patriots ទៅ ទីនោះតាមពេលវេលាកំណត់ដ៏ឆាប់រហ័សផងដែរ”។ចំពោះបញ្ហានៃការបណ្តុះបណ្តាល​សម្រាប់ជនជាតិអ៊ុយក្រែនលើប្រព័ន្ធទាំងអស់នេះ លោក Ryderថាមិនមានការព្រួយបារម្ភអ្វីឡើយ ព្រោះយោធាអាម៉េរិកមានតិចនិកក្នុងការបង្ហាត់បង្រៀន។ គួរជម្រាបថា  រដូវស្លឹកឈើជ្រុះ​នៅអាម៉េរិកជាធម្មតានឹងមកដល់នៅអំឡុងខែកញ្ញា មុនពេលដែលរដូវ​រងាចូលមកដល់៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា