អន្តរជាតិ

អង្គការសហប្រជាជាតិ៖ មនុស្ស១០ លាននាក់នៅប៉ាគីស្ថានកំពុងខ្វះទឹកស្អាតរយៈពេលប្រាំមួយខែបន្ទាប់ពីទឹកជំនន់

អង្គការសហប្រជាជាតិនិយាយថា មនុស្សប្រមាណជាង ១០លាននាក់នៅប្រទេសប៉ាគីស្ថាន​កំពុងខ្វះទឹកស្អាតប្រើប្រាស់រយៈពេល៦ខែហើយ បន្ទាប់ពីគ្រោះទឹកជំនន់វាយប្រហារប្រទេសនេះ។

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ឬយូនីសេហ្វ បាននិយាយនៅក្នុង​របាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា គ្រួសារដែលរស់នៅក្នុងតំបន់រងគ្រោះដោយ​ទឹកជំនន់មិនមានជម្រើសក្រៅពីផឹក និងប្រើប្រាស់ទឹកដែលមិនទាន់កម្ចាត់មេរោគបាននោះទេ។ Abdullah Fadil តំណាងអង្គការ UNICEF ប្រចាំប្រទេសប៉ាគីស្ថានបាននិយាយថា “ជារៀងរាល់ថ្ងៃ ក្មេងស្រី និងក្មេងប្រុសរាប់លាននាក់នៅក្នុងប្រទេសប៉ាគីស្ថានកំពុង   តស៊ូនឹងការឆ្លងមេរោគ ការបាត់បង់ការប្រឆាំងនឹងជំងឺដែលឆ្លងតាមទឹក និងកង្វះអាហារូបត្ថម្ភ”។

ទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមនៅក្នុងខែមិថុនា ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប្រចាំ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៣៩ នាក់ រួមទាំងកុមារ ៦៤៧ នាក់ និងប៉ះពាល់ដល់មនុស្ស ៣៣ លាននាក់។ គ្រោះមហន្តរាយនេះ បានបណ្តាលឱ្យខូចខាតដល់ប្រព័ន្ធទឹកភាគច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់ ហើយបានបង្ខំមនុស្សជាង ៥.៤ លាននាក់ រួមទាំងកុមារ ២.៥ លាននាក់ “ពឹងផ្អែកទាំងស្រុងលើ​ទឹកកខ្វក់ពីស្រះ និងអណ្តូង”។ របាយការណ៍បាននិយាយថា “មានតែ ៣៦%ប៉ុណ្ណោះនៃទឹកស្អាត​របស់ប្រទេស ទោះបីជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ប្រទេសនេះមានដល់ ៩២% នៃចំនួនប្រជាជនក៏ដោយ” ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា