អន្តរជាតិ

ហ្សេឡិនស្គីថ្លែងអំណរគុណសហភាពអឺរ៉ុបសម្រាប់កញ្ចប់ជំនួយគ្រាប់រំសេវជាង២ពាន់លានដុល្លារ

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបសម្រាប់​កិច្ចព្រមព្រៀងជំនួយជាង២ពាន់លានដុល្លារសម្រាប់ផលិតគ្រាប់រំសេវទុកសម្រាប់ឆ្នាំក្រោយ។

នៅលើបណ្តាញសារ Telegram កាលពីថ្ងៃអង្គារទី ២១ ​ខែមីនា ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសេរថា “ដៃគូអឺរ៉ុបរបស់យើងបានយល់ព្រមលើផែនការរួមមួយ ដើម្បីពន្លឿនការផ្គត់ផ្គង់គ្រាប់ផ្លោងសម្រាប់កាំភ្លើងធំរបស់យើង”។ ការសម្រេចចិត្តនេះមានតម្លៃប្រមាណពីរពាន់លានអឺរ៉ូ ស្មើនឹងជាង ២ពាន់លានដុល្លារអាម៉េរិក។ វាផ្តល់ទាំងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ និងការផលិតគ្រាប់រំសេវ”។ “នេះគឺជាជំហានយុទ្ធសាស្ត្រ។ វាផ្តល់ឱ្យយើងនូវទំនុកចិត្តលើការរួបរួមរបស់យើងនៅក្នុងភាពមិនអាចប្រែប្រួលនៃចលនាឆ្ពោះទៅរកជ័យជម្នះលើរដ្ឋភេរវករ”។

សម្រង់សារ “ខ្ញុំសូមអរគុណដល់ដៃគូរបស់យើងទាំងអស់នៅអឺរ៉ុប! សម្រាប់​អ្នក​រាល់​គ្នា​ដែល​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​ធ្វើ​ឱ្យ​អឺរ៉ុប​រឹងមាំ និង​មាន​សេរីភាព”។ បន្ថែមពីនេះZelenskyy ក៏បានថ្លែង​អំណរគុណដល់សហរដ្ឋអាម៉េរិកសម្រាប់ការប្រកាសកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ៣៥០ លានដុល្លារនៅសប្តាហ៍នេះផងដែរ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា