អន្តរជាតិ

មានត្រីនិងសត្វល្អិតងាប់រាប់លានក្បាលនៅក្នុងទន្លេជិតទីប្រជុំជនអូស្ត្រាលី

កែសម្រួល៖ រ៉ាម៉េត

ត្រីនិងសត្វល្អិតងាប់រាប់លានក្បាលត្រូវបានគេសម្អាតនៅក្នុងទន្លេក្បែរទីក្រុងតូចមួយនៃប្រទេសអូស្ត្រាលីវាជាបាតុភូតដ៏ចម្លែកមួយដែលក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយថាវាមានទាក់ទងទៅនឹង “រលកកម្តៅ” ដែលកំពុងបោកបក់ពាសពេញផ្ទៃប្រទេសមួយនេះ។

សាខារបស់ទីស្នាក់ការ CNN 9News Australia បានរាយការណ៍ថា នៅក្នុងសប្តាហ៍នេះមានវីដេអូឃ្លីបបង្ហាញឲ្យឃើញថាមានហ្វូងត្រីងាប់អណ្តែតទឹកនៅអាងទន្លេ Menindee Weir ក្បែរភ្នំ Broken Hill ។

នាយកដ្ឋានឧស្សាហកម្មបឋម (DPI) នៅ New South បានប្រាប់ឱ្យដឹងថាមាន “បរិមាណត្រីដ៏ច្រើនលើសលប់” រួមទាំងត្រីគល់រាំង និងកាកសំណល់ឆ្អឹងត្រីជាមួយនិងសារធាតុចិញ្ចឹម និងសារធាតុសរីរាង្គពីតំបន់ទំនាបនៃទឹកជំនន់ បានងាប់នឹងអណ្ទែតពាសពេញទន្លេដោយសារតែរលកកម្តៅនៃអាកាសធាតុ។

គេបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងសប្តាហ៍នេះថា “ការងាប់របស់ត្រីទាំងនេះគឺបណ្តាលមកពីអុកស៊ីសែនបានធ្លាក់ចុះក្នុងកំរិតមួយទាបបំផុតនៅក្នុងទឹក (hypoxia) នៅក្នុង  ខណៈពេលដែលមានទឹកជន់លិចលង់” នេះជាការពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ។

ទីភ្នាក់ងាររបស់ DPI បានថ្លែងថា “ព្រឹត្តិការណ៍នេះកំពុងបន្តតែក្នុងខណៈដែលរលកកម្តៅ… នៅបន្តមានសម្ភាធខ្លាំងក្លាបន្ថែមទៀតក្រោយពីគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ” ។

គេបានបន្ថែមថា “អាកាសធាតុដ៏សែនក្តៅនាពេលបច្ចុប្បន្ននៅក្នុងតំបន់កំពុងធ្វើឱ្យ hypoxia កាន់តែធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផងដែរ កាលណាទឹកមានកម្តៅកាន់តែខ្លាំងនោះវាធ្វើឲ្យអុកស៊ីសែនធ្លាក់ចុះទាបជាងទឹកត្រជាក់ ហើយត្រីត្រូវការសីតុណ្ហភាពអុកស៊ីសែនខ្ពស់ជាងសីតុណ្ហភាពដែលមានកម្តៅខ្លាំង” ។

រលកកម្តៅនៅទូទាំងប្រទេសអូស្ត្រាលីកើតឡើងកាន់តែញឹកញាប់ និងកាន់តែខ្លាំងក្លាឡើងៗ នៅពេលដែលមានការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ ហើយសីតុណ្ហភាពកម្តៅនៅលើពិភពលោកនៅតែបន្តកើនឡើងផងដែរ។

អ្នកជំនាញ និងភ្នាក់ងាររដ្ឋាភិបាលបានព្រមានថា អូស្ត្រាលីនឹងបន្តមានភ្លៀងធ្លាក់ខ្លាំង និងកម្តៅ ក៏នៅតែឡើងខ្លាំង ក៏ដូចជាភ្លើងឆេះព្រៃដែលបង្កឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងបំផុត។

បើយោងតាមតួលេខដែលគេបានធ្វើជំរឿននៅស្រុក Menindee ដែលជាទីក្រុងជនបទនៅភាគខាងលិចឆ្ងាយពីរដ្ឋ New South Wales មានប្រជាជនរស់នៅប្រហែល ៥០០ នាក់ ។

ការមើលឃើញត្រីងាប់ក៏ត្រូវបានគេរាយការណ៍ផងដែរនៅសប្តាហ៍នេះនៅក្នុងជ្រលង Macquarie ដែលជាកន្លែងជាយក្រុង និងឧទ្យានជាតិមួយ។

នេះមិនមែនជាលើកទីមួយទេដែលអ្នកស្រុក Menindee បានឃើញត្រីងាប់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។

ត្រីងាប់រាប់ពាន់ក្បាលត្រូវបានគេរាយការណ៍នៅក្នុងតំបន់នេះកាលពីខែកុម្ភៈម្តងរួចមកហើយ ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងតំបន់កាលពីឆ្នាំ ២០១៩ផងដែរ៕

ប្រភព៖ CNN