សន្ដិសុខសង្គម

បើករថយន្តងោកមួយភាំងបុកម៉ូតូធ្វើឱ្យកម្មការិនីរោងចក្រម្នាក់ស្លាប់ភ្លាម

កណ្តាល៖រថយន្តម៉ាកសាំងយ៉ុង អ្នកបើកបរងងុយ ងោកមួយភាំងបានបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យកម្មការិនីរោងចក្រម្នាក់ស្លាប់មួយរំពេច។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយដង ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះប៉ុល ប៊ុណ្ណា អាយុ៤៥ឆ្នាំ ធ្វើការក្នុងសួនឧស្សាហកម្មសំរោងធំ នៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

មុនកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្កុបពី ផ្លាកលេខភ្នំពេញ1HV-6417 ចេញពីផ្ទះឆ្ពោះទៅរោងចក្រ។មកដល់កន្លែងខាងលើមានរថយន្តតាក់ស៊ីម៉ាកសាំងយ៉ុង ផ្លាកលេខភ្នំពេញ2H.0219 បើកបរដោយឈ្មោះហង្ស ស៊្រិល អាយុ៣៧ឆ្នាំ នៅភូមិសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រថយន្តបើកមកពីក្រោយបានបុកម៉ូតូពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់នោះស្លាប់ភ្លាម។

បន្ទាប់ពីកើតហេតុ តៃកុងត្រូវអ្នកដំណើរចាប់បាន រួចយកឱ្យសមត្ថកិច្ច។អ្នកបើកបររថយន្តបង្ក បានប្រាប់ថា មូលហេតុដែលជ្រុលទៅបុកម៉ូតូពីក្រោយ ព្រោះរូបគេងងុយដេក ងោកមួយភាំងបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះតែម្តង៕ដោយ៖វិចិត្រ