សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូធ្លាក់រណ្តៅដីជីកដាក់លូកណ្តាលផ្លូវបណ្តាលឱ្យស្លាប់

កំពត៖បុរសម្នាក់បានជិះម៉ូតូធ្លាក់ចូលរណ្តៅដីកាត់ទទឹងផ្លូវដែលគេជីកដាក់លូ បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីយប់ថ្ងៃទី២១ ខែមីនា។

លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានឱ្យដឹងថា បុរសបាត់បង់ជីវិតក្នុងករណីនេះឈ្មោះ ង៉ែត សុខន អាយុ៣៥ឆ្នាំ នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប។

លោកអធិការបានបបន្តថា កាលពីម៉ោងជាង៨យប់ ថ្ងៃទី២១ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែតលេខ៧-៨។ពេលនោះបុរសម្នាក់បានជិះម៉ូតូធ្លាក់ចូលរណ្តៅដី​កាត់ទទឹងផ្លូវដែលគេជីកដើម្បីដាក់លូ។ នៅកន្លែងគ្រោះថ្នាក់ស្ថិតក្នុងសភាពងងឹត ហើយក៏មិនមានដាក់ផ្លាកសញ្ញាសម្គាល់អ្វីដែរ៕ដោយ៖កំចាយ