សន្ដិសុខសង្គម

បញ្ជូនបុរសថៃ៣នាក់ករណីកាប់ចិន​២នាក់ឱ្យរងរបួសទៅតុលាការ​

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថ​ខេត្ត ព្រឹកថ្ងៃទី២២ ខែមីនានេះបានបញ្ជូនជនជា​តិថៃ៣នាក់ ករណីប្រើកាំបិតប៉័ងតោកាប់បុរសចិន​២នាក់ឱ្យរងរបួស ត្រូវបានបញ្ជូនទៅ​តុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា  កាលពីរសៀលថ្ងៃទី២០ ខែមីនាកន្លងទៅ អាវុធហត្ថក្រុងប៉ោយប៉ែតបានចាប់​ជនជាតិថៃ៣​នាក់ តាមបណ្តឹង​របស់បុរសចិន២នាក់ ករណីប្រើកាំបិតប៉័ងតោកាប់លើជនរងគ្រោះ បណ្តាលឱ្យរូបគេ២នាក់រងរបួស។ក្រុមជនសង្ស័យបាន​ប្រព្រឹត្តនៅមុខវត្តផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

មន្តី្រដដែលបានបន្តថា ជនបង្កជាតិថៃ៣​នាក់ បានមកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ចំណែកបុរសចិន២នាក់ បានរបួសជាច្រើនកន្លែងដោយរងការកាប់ប្រហារ​ពីជនសង្ស័យទាំង៣នាក់ខាងលើ។ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញបានចុះឃាត់ខ្លួនជនដៃដល់ ជាមួយវត្ថុតាងកាំបិតប៉័ងតោយកទៅសាកសួរ។

ក្រុមនេះបានសារភាពថា  ពួកខ្លួនបានកាប់ទៅលើបុរសចិន២នាក់នោះពិតប្រាកដមែន។ដោយមានចម្លើយសារភាពជាមួយវត្ថុតាងជាក់ស្កែង អាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿង​នាំជនសង្ស័យទៅអាវុធហត្ថខេត្តដើម្បីបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ