សន្ដិសុខសង្គម

ទៅឆក់ត្រីបាត់១យប់ឃើញសពស្លាប់ ទាំង២នាក់នៅក្នុងទឹកអូរ

ក្រចេះ៖ បុរស២នាក់នាំគ្នាចេញទៅឆក់ត្រីបានបាត់ខ្លួន១យប់ ត្រូវក្រុមគ្រួសារដើររក​ប្រទះឃើញស្លាប់ទាំង២នាក់នៅក្នុងទឹកអូរ ដោយសន្និដ្ឋានថាអាចឆ្លងចរន្តអគ្គិសនីឆក់ខ្លួនឯង។ ករណីប្រទះឃើញសពនេះស្ថិតនៅម្តុំអូរសន្ទុះ ភូមិអូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះកាលពីព្រឹកថ្ងៃទី២២ ខែមីនា។

មន្ត្រីនគរបាលស្រុកឆ្លូងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះថោង វុត្ថារ៉ា អាយុ៣៤ឆ្នាំ នៅភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ និងឈ្មោះ សឿន ស៊ីថុន អាយុ៣៩ឆ្នាំ លំនៅភូមិអូរទេវតា ឃុំកពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ជនរងគ្រោះទាំង២នាក់បានស្លាប់ដោយប្រើប្រាស់​ឧបករណ៍ឆក់ត្រីទើបបណ្តាលឱ្យឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯងតែម្តង។

មុនកើតហេតុ កាលពីថ្ងៃ២១ ខែមីនា ជនរងគ្រោះ២នាក់បាននាំគ្នាទៅឆក់ត្រីនៅកន្លែងខាងលើ  ។លុះបាត់ខ្លួន១យប់ ទើបក្រុមគ្រួសារនាំគ្នាដើររក ហើយបានប្រទះឃើញជនរងគ្រោះស្លាប់នៅក្នុងទឹកអូរ ដោយនៅនឹងដៃមានកាន់ជាប់ឧបករណ៍សម្រាប់ឆក់ត្រីទៀតផង៕ដោយ៖ វីរ