កម្សាន្ដ

អ្នកនាងឱក សុគន្ធកញ្ញា គ្រងឈុតព្រះនាងឥន្រ្ទទេវីដើម្បីបង្ហាញពិភពលោក

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ តារាចម្រៀងជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា ថាការគ្រងឈុតព្រះនាងឥន្រ្ទទេវី នាពេលនេះគឺជាការបំពេញការងារផង និងដើម្បីរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីផង ក្នុងការបង្ហាញប្រជាជនខ្មែរក្នុងប្រទេស និងទៅកាន់ពិភពលោក។

តារាចម្រៀងសំឡេងក្រអួនរូបនេះបានឲ្យដឹងនៅក្នុងការផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ពេលអ្នកនាងចូលរួមកម្មវិធីក្រុមពាលីសង្រ្កានNNPរបស់ក្រុមហ៊ុន ទ្រី ដាណា កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ នេះ។ ដែលធ្វើឡើងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជិតវិមានឈ្នះឈ្នះ។

អ្នកនាងបញ្ជាក់បន្ថែមថា ខ្លួនពិតជាសប្បាយរីករាយដែលបានចូលរួមកម្មវិធីសង្រ្កានNNP ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកនាងបានគ្រងឈុតព្រះនាងឥន្រ្ទទេវីដែលជាឈុតអស្ចារ្យ និងបង្ហាញពីវប្បធម៌ប្រពៃណី។

អ្នកនាងថានេះក៏ជាលើកទី២ហើយដែលបានតុបតែងខ្លួនបែបនេះ ដើម្បីជាការរំលឹក នឹងផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ដែលជាប្រពៃណីរបស់ខ្មែរ តាមរយៈអ្នកសិល្បៈ អ្នកនិយមលេងបណ្តាញសង្គម និងសារព័ត៌មានផ្សេងៗក្នុងការជួយជំរុញការផ្សព្វផ្សាយ ឲ្យបានដល់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសក្មេងៗជំនាន់ក្រោយ និងទៅកាន់បរទេសឲ្យស្គាល់កាន់តែច្បាស់អំពីកម្ពុជា។

តារាសាច់ចាំរូបនេះបានបង្ហើបថា សង្ក្រានNNPនឹងធ្វើឡើងនៅថ្ងៃទី ២៤-២៥-២៦ ខែមីនា ខាងមុខ ដើម្បីអបអរសាទសង្ក្រានឆ្នាំថ្មី ដែលអនុញ្ញាតឲ្យមានការចូលរួមដោយសេរី និងមានការង្ហាញជូននូវទំរង់សិល្បៈជាច្រើនពីសិល្បករ សិល្បការិនី ជាច្រើនរូបចូលរួម៕