សន្ដិសុខសង្គម

រថយន្តក្រុងនិងរថយន្តទំនើបបុកគ្នា ធ្វើឱ្យរបួស១២នាក់និងស្លាប់ម្នាក់

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចររវាងរថយន្តក្រុងនិងរថយន្តទំនើបផ្លាកលេខខេមរភូមិន្ទ បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យរងរបួសចំនួន១២នាក់និងស្ត្រីម្នាក់បានស្លាប់។ហេតុការណ៍នេះនៅម្តុំរង្វង់មូលឆ្នាំង ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរំលងអធ្រាត្រចូលថ្ងៃទី២១ ខែមីនា។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ករណីនេះបានកើតឡើងរវាងរថយន្តម៉ាកTRlTON ផ្លាកលេខខេមរភូមិន្ទ 02​ 08 30 បើកពីជើងទៅត្បូង។

មកដល់កន្លែងខាងលើបានបុកជាមួយរថយន្តក្រុងផ្លាកលេខសៀមរាប3A-1552 របស់ក្រុមហ៊ុនម៉េង លី មកពីមុខពេញទំហឹង បណ្ដាលឱ្យខាងរថយន្តតូចរងរបួស១២នាក់។ក្នុងនោះរបួសធ្ងន់៧នាក់និងស្ត្រីម្នាក់បានស្លាប់ភ្លាម។ចំណែកខាងរថយន្តក្រុងមិនមាន​អ្នករងគ្រោះថ្នាក់ទេ។ រីឯអ្នកបើកបររថយន្តទាំង២គ្រឿងក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់អស់។

បន្ទាប់មកកម្លាំងនគរបាលជំនាញ បានយករថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋាន​នគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំភាគីទាំង២ចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ