កីឡា

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ពីប្រវត្តិនិងអត្ថន័យនៃព្រះអគ្គិជ័យកីឡា

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ភ្លើងព្រះអគ្គិជ័យកីឡា មានប្រវត្តិជាង២ពាន់ឆ្នាំមុនគ្រឹះសរាជមកម្លេះ។

ការមានប្រសាសន៍ទូលថ្វាយ និងជម្រាបបែបនេះធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីប្រោសព្រះរាជាទាន ព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា នាថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣នេះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ស្ថិតក្នុងបរិវេនអង្គរតូច។

ឯកឧត្ដម ថោង ខុន ទូលថ្វាយ និងជម្រាបបន្ថែមថា ការប្រារព្ធពិធីនេះមានដើមកំណើតចេញពីប្រទេសក្រិកបុរាណ ដែលគេធ្លាប់បានធ្វើនៅលើភ្នំ “អូឡាំព្យ៉ា” ហើយពិធីនេះក៏បានធ្វើជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ កាលនោះគេបានយកភ្លើងពីកំដៅព្រះអាទិត្យដើម្បីបើកការប្រកួតកីឡាអូឡាំពិកនេះ។ លោកបន្តថា គ្រប់ព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិ អូឡាំពិកអាស៊ី និងអូឡាំពិកអាស៊ីអាគ្នេយ៍ តែងបានរៀបចំការរត់ភ្លើងគប់ទៅកាន់ប្រទេសជាសមាជិកមុនចូលដល់ប្រទេសម្ចាស់ផ្ទះ។

ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបព្រះរាជាណាចក្រកម្ពុជា រៀបចំព្រះរាជពិធីនេះឡើង ក្រោមប្រធានបទកីឡានាំមកនូវសាមគ្គីភាព មិត្តភាព សន្តិភាពនិងដើម្បីប្រារព្ធពិធីបើកកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខឆាប់ៗនេះ៕