កីឡា

កម្ពុជាដែលរង់ចាំធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍និងអាស៊ានប៉ារ៉ាហ្គេម ចេញដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រហើយ

សៀមរាប៖ ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចយាងព្រះរាជទាន​ព្រះអគ្គិជ័យកីឡា ដើម្បីឆ្ពោះទៅរកការបើកព្រឹត្តិការណ៍​ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី២១ ខែមីនា នៅខេត្តសៀមរាប។

ពិធីព្រះរាជទានព្រះអគ្គិជ័យកីឡានេះ  បានធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ ឆ្នាំ២០២៣, សម្ដេចចៅហ៊្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ក្រោយពីព្រះមហាក្សត្រព្រះរាជទានព្រះអគ្គិជ័យកីឡាមក គឺព្រះអគ្គិអាទិទេពនេះ នឹងត្រូវរក្សាក្នុងចង្កៀង​ពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាបចំនួន១ថ្ងៃ  ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេស​ក្នុងតំបន់អាស៊ាន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួត​កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ សម្ដេចពីជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា SEA Game និងASEAN Para Game ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជា បានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ​ដើម្បីធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះនឹងបង្ហាញមុខមាត់ កេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោក ឱ្យស្គាល់ពីសក្ដានុពល វប្បធម៌ អរិយធម៌ ទេសចរណ៍សេដ្ឋកិច្ចនិងសង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើងថែមទៀត។

ព្រះអគ្គិជ័យកីឡា នឹងដង្ហែចេញពីខេត្តសៀមរាបកម្ពុជាឆ្ពោះទៅទីក្រុងហាណូយ ប្រទេសវៀតណាមនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បន្ទាប់មកនឹងដង្ហែទៅទីក្រុងម៉ានីល(ហ្វីលីពីន)ទៅទីក្រុងសិរីបេហ្គាវ៉ាន់ ប្រទេសប៊្រុយណេ ទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ទៅទីក្រុងឌីលី ប្រទេសទីម័រ ឡេស្តេ ទៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ទៅទីក្រុងសិង្ហបុរី ទៅទីក្រុងបាងកក ប្រទេសថៃ ទៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា និងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ដង្ហែចេញពីទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា ទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ។បន្ទាប់ពីព្រះអគ្គិអាទិទេពកីឡា ចូលដល់ទឹកដីកម្ពុជាវិញ តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែងនឹងត្រូវទទួលព្រះអគ្គិកីឡា ហើយដង្ហែតាមរថយន្ដឆ្ពោះមកខេត្ត​ស្ទឹងត្រែង ដោយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ។ បន្ទាប់មកពិធីដង្ហែព្រះអគ្គិកីឡា ក៏ដង្ហែនៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា អគ្គិជ័យកីឡា ជានិមិត្តរូបនៃកម្លាំងថាមពល របស់ជីវិតមនុស្ស សត្វ និងជាសុភាវធម៌ដ៏បរិសុទ្ធ ដែលផ្ដល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់ រស់នៅលើភពផែនដីក្រោមប្រធានបទ កីឡានាំមកនូវ សាមគ្គីភាព មិត្តភាពនិងសន្តិភាព។

ឯកឧត្តមថោង ខុន បានឱ្យដឹងទៀតថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ានប៉ារ៉ាហ្គេម​លើកទី១២ ឆ្នាំ២០២៣ ដែលនឹងមកដល់នៅរយៈពេល៤៥ថ្ងៃខាងមុខទៀតនេះ នឹងមានប្រតិភូកីឡា​និងកីឡាករ មកពីបណ្ដាប្រទេសសមាជិកប្រជាជាតិអាស៊ីអគ្នេយ៍(ASEAN) ចំនួនប្រមាណ១១៤៥៣​នាក់មកចូលរួម៕