សន្ដិសុខសង្គម

​បញ្ជូនស្រ្តីដាក់ថ្នាំសណ្តំក្នុងស្រាបៀរប្លន់យកផាស្អេបទៅតុលាការ

កណ្តាល៖កម្លាំងអាវុធហត្ថបានស្រាវជ្រាវចាប់ស្រ្តីម្នាក់ល្បួងប្រើល្បិចដាក់ថ្នាំសណ្តំក្នុងស្រាបៀរ រួចប្លន់យកផាស្អេបពីម្ចាស់បានសម្រេច ត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ក្រោយពីមានករណីប្លន់អ្នករត់ផាស្អេបបានកើតឡើង ថ្ងៃទី១៨ ខែមីនារួចមក កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នាក់ សុខន អាយុ៤០ឆ្នាំ នៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្ត្រីដដែលបានបន្តថា កាលពីរសៀលថ្ងៃទី១១ ខែមីនាកន្លងទៅ ស្ត្រីជាជនសង្ស័យបាន​ទំនាក់ទំនងជាមួយបុរសរងគ្រោះឈ្មោះឃីន អ៊ីន អាយុ៣៩ឆ្នាំ អ្នករត់ផាស្អេបតាមរយៈទូរសព្ទ ដោយណាត់ជួបគ្នានៅបេនរថយន្តផ្សារថ្មី។ ក្រោយបានជួបគ្នា ក៏នាំគ្នាជិះផាស្អេបចូលក្រុងតាខ្មៅ ដោយបានទិញស្រាបៀរ និងសាច់ក្លែមបន្តដំណើរទៅឈប់ផឹកស៊ីនៅកន្លែងមួយ។

ពួកគេក៏នាំគ្នាផឹករហូតដល់ម្ចាស់ផាស្អេបស្រវឹងខ្លាំងលែងដឹងខ្លួនដោយសារថ្នាំសណ្តំស្ត្រីរូបនោះលួចដាក់។ភ្លាមនោះស្ត្រីសង្ស័យបានទៅជួលមនុស្សឱ្យជួយបើកផាស្អេបទៅផ្ទះរបស់ខ្លួននៅឯព្រែកឯង ដោយកុហកគេថាឈ្លោះគ្នាជាមួយប្តីនិងឱ្យថ្លៃឈ្នួលអ្នកបើកចំនួន៧ម៉ឺនរៀល។

ក្រោយពីយកផាស្អេបទៅដល់គោលដៅរួចហើយ ស្ត្រីរូបនោះបានទុកផាស្អេបកន្លែងកុងស៊ីដោយប្តូរយក​ម៉ូតូដែលខ្លួនបានដាក់បញ្ចាំនោះមកវិញ។

បន្ទាប់ពីឃាត់ខ្លួនស្ត្រីសង្ស័យបានសារភាពថា អំពើនេះនាងជាអ្នករៀបចំនិងធ្វើតែម្នាក់ឯងប៉ុណ្ណោះ។រីឯបុរសជាម្ចាស់ផាស្អេប ក្រោយពីដឹងខ្លួនទាំងអាការស៊ើងមម៉ើងផងនោះបានដើរឆ្លងផ្លូវត្រូវរថយន្ត​បុកស្លាប់តែម្តង៕ដោយ៖វិចិត្រ