កម្សាន្ដ

អ្នកលេងបណ្តាញសង្គមផ្ទុះការវែកញែកពីការស្លៀកពាក់របស់កំពូលអ្នកច្នៃម៉ូតកម្ពុជា

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ អ្នកនិយមលេងបណ្តាញសង្គមបានបញ្ចេញទស្សនៈផ្សេងៗគ្នាអំពីកំពូលអ្នកច្នៃម៉ូតកម្ពុជា លោក ឯម រៀម ដោយមានខ្លះរិះគន់និងខ្លះទៀតសរសើរ ក្រោយពីលោកបានស្លៀកសម្លៀកបំពាក់ម៉ូតថ្មីដែលច្នៃដោយខ្លួនឯង ចូលរួមកម្មវិធីមួយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៣។

មហាជនទូទៅពិតជាបានស្គាល់រួចមកហើយអ្នកច្នៃម៉ូតសម្លៀកបំពាក់បែបសម័យ បុរាណ សម័យបូកបញ្ចូលបុរាណ ដែលមានភាពទាក់ទាញ លោក ឯម រៀម។ គាត់កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំង ពេលលោកបានស្លៀកសម្លៀកបំពាក់មួយឈុតដែលច្នៃដោយខ្លួនលោកផ្ទាល់ ទៅចូលរូមកម្មវិធី Pleng Music Award 2023 កាលពីល្ងាចថ្ងៃទី១៩ ខែមីនា។

បញ្ហានេះកំពុងតែផ្ទុះការវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។ មានមហាជនជាច្រើនមិនគាំទ្រចំពោះការច្នៃម៉ូតបែបនេះ ដោយបាន Comment ថា ម៉ូតនេះមិនសមចូលកម្មវិធីគេទេ, ម៉ូតនេះស៊ិចស៊ីជ្រុលពេកហើយ, ចង់សួរគាត់ថាម៉ូតហ្នឹងដាក់លក់នៅទីផ្សារណាដែរ? តែងខ្លួនដូចឆ្កួតចូលកម្មវិធីគេ និងមាន Comment ដោយពាក្យអសុរោះជាច្រើនផ្សេងទៀត។

ប៉ុន្តែក៏មានអ្នកស្រឡាញ់ចូលចិត្តលោក ឯម រៀម ជាច្រើនបានលើកទឹកចិត្ត និងគាំទ្រលោកឲ្យបន្តច្នៃម៉ូតតាមក្តីស្រមៃបន្ថែមទៀត។ ពួកគេបាន Comment ថា ខ្ញុំគាំទ្រគំនិតច្នៃប្រឌិតថ្មីបង្កប់សិល្បៈបែបជាតិយើង ស៊ូៗបង, ធ្វើតាមបេះដូងណា, មិនថ្វីទេធ្វើតាមក្តីស្រមៃចុះកុំឲ្យតែខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ នឹងមានការលើកទឹកចិត្តល្អៗជាច្រើនទៀត។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយមកទល់នឹងរសៀលថ្ងៃទី ២០ ខែមីនា នេះ មិនទាន់មានការបកស្រាយ ឬប្រតិកម្មណាមួយពីលោក ឯម រៀម នោះនៅឡើយទេ៕