ចំណេះដឹង

ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទជាផ្នែកមួយនៃឆ្នាំទស្សនាកម្ពុជា២០២៣

ក្រុមអ្នកជំនាញឱ្យដឹងថាព្រឹត្តិការណ៍នៃបាតុភូតធម្មជាតិ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្តសមរាត្រី ដែលភាសាអង់គ្លេសហៅថា( EQUINOX )នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២០ ទៅដល់ថ្ងៃទី២៣ខែមីនា។

បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ធ្លាប់បានពន្យល់ថាសមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃ។

បាតុភូតធម្មជាតិពិសេសព្រះអាទិត្យរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនេះ គឺនៅព្រឹកព្រលឹមស្រាងៗគេអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុកតារាជ (ខ្លោងទ្វារធំខាងលិច)ចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីព្រឹក ។

នេះជាភាពអច្ឆរិយៈរបស់ប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានស្ថាបនាទ្បើងដោយមានការសិក្សា ព្រមទាំងគន់គូរប្លង់យ៉ាងល្អិតល្អន់ទុកជាមុនលើទ្រឹស្តីគណិតវិទ្យា វិស្វកម្ម និងតារាសាស្រ្ត។

ជុំវិញបាតុភូតធម្មជាតិថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះ ក្រសួងទេសចរណ៍ក៏បានប្រកាសសូមឲ្យសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ចូលទៅទស្សនាដើម្បីស្វែងយល់ពីភាពអច្ឆរិយនេះដែរ។ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពី«បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ឬ EQUINOXនេះ ថាវានឹងកើតឡើងចន្លោះពីថ្ងៃទី២០ ឬ២១ ឬ២២ ឬ២៣ ខែមីនា ឆ្នាំ២០២៣ ដែលវាអាចជាផ្ទាំងទស្សនីយភាពពិសេសមួយសម្រាប់ភ្ញៀវទេសចរ។

បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) តែងកើតឡើងចំនួន២លើក ជារៀងរាល់ឆ្នាំ ពោលគឺនៅខែមីនាម្ដងនិងខែកញ្ញាម្ដងទៀត។

ក្រសួងទេសចរណ៍បានចាត់ទុកបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តឆ្នាំនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»។

ក្រសួងទេសចរណ៍បានអំពាវនាវ ឱ្យសមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ ដើម្បីឱ្យបានទៅទស្សនានិងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ៕