ព័ត៌មានជាតិ

ពិធី​ក្រុង​ពាលី សុំ​ព្រះ​អគ្គី​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បានចាប់ផ្ដើម​នៅ​ប្រាសាទអង្គរវត្ត​

​សៀមរាប​៖​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បាន​បន្លឺសម្លេង​ចេញដំណើរ​ហើយ ដោយ​សកម្មភាព​ជាដំបូង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៣ គឺមាន​រៀបចំ​ពិធី​ក្រុង​ពាលី​និង​បួងសួង តាមបែប​សាសនា ដើម្បី​សុំ​ភ្លើង​អាទិទេព សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២(32nd SEA Games) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ (12th ASEAN Para Games) នៅខាងមុខ​ប្រាសាទអង្គរវត្ត​។​

​ពិធី​នេះ​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម​បណ្ឌិត ថោង ខុន លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​លោក​បណ្ឌិត ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរាព្រមទាំង​អ្នកមុខ អ្នកការ​ជាច្រើនរូប​ទៀត​។​

កម្ពុជា​បានរៀបចំ​ពិធី​ប្រុង​ពាលី​និង​បួងសួង តាមបែប​សាសនា ដើម្បី​សុំ​ភ្លើង​អាទិទេព​នេះ​គឺ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ដែល​នឹង​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២​នាពេលខាងមុខ​។​ជាមួយគ្នានេះដែរ កម្ពុជា​ក៏បាន​ចាប់ផ្តើម​រៀបចំ ព្រះរាជ​ពិធី​សុំ​ព្រះ​អគ្គី​កីឡា ពី​ព្រះអាទិទេព សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ថ្ងៃទី​២១​ខែមីនា ឆ្នាំ​២០២៣ នៅ​ប្រាសាទអង្គរវត្តក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូងព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​រៀបចំ​ពិធី​រត់​ដង្ហែ​ព្រះ​អគ្គី​កីឡា​នេះ នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា​ផងដែរ​៕​