សន្ដិសុខសង្គម

គូសង្សារជិះម៉ូតូឌុបគ្នាទៅបុករថយន្តធ្វើឱ្យប្រុសស្លាប់ ខាងស្រីរងរបួស

ភ្នំពេញ៖គូសង្សារបានជិះម៉ូតូឌុបគ្នាចេញពីស្រុកឡើងមកភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរ ដោយបុករថយន្តត្រង់ផ្លូវបែកជា៤ បណ្តាលឱ្យខាងប្រុសស្លាប់ភ្លាម រីឯខាងស្រីបានរងរបួស។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម្តុំផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា។

ស្ត្រីរងគ្រោះបានឱ្យដឹងថា សង្សាររបស់នាងដែលស្លាប់ឈ្មោះ ធា អាយុជាង៣០ឆ្នាំ នៅខេត្តកំពង់ចាម។

ស្ត្រីរូបនោះបានបន្តថា ពួកខ្លួនបានជិះម៉ូតូម៉ាកZoomer-X ផ្លាកលេខកណ្តាល1L-1037 ចេញពីស្រុកឯខេត្តកំពង់ចាមតាមផ្លូវភ្នំពេញហាណូយ។មកដល់កន្លែងខាងលើស្រាប់តែមាន​រថយន្តអត់មានផ្លាកលេខបើកចេញពីផ្លូវ១៩៧០ ឆ្លងកាត់ផ្លូវនេះហើយម៉ូតូក៏បុកពេញទំហឹង​បណ្តាលឱ្យសង្សារនាងស្លាប់តែម្តង។

ក្រោយពីកើតហេតុ ក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យ។​ចំណែកសមត្ថកិច្ចក៏បាននាំខ្លួនស្ត្រី​បើកបរនិងរថយន្តជាមួយម៉ូតូជនរងគ្រោះទៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះ​ស្រាយតាមនីតិវិធី៕ដោយ៖វិចិត្រ