សេដ្ឋកិច្ច

ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​អាមេរិក​ធ្លាក់ចុះ តែអាមេរិក​នៅតែ​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​កម្ពុជា​

​ភ្នំពេញ​: សហរដ្ឋអាមេរិក នៅតែ​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​កម្ពុជា ជាមួយនឹង​ចំណែក​៣៤,៤​ភាគរយ ទោះជា​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​នេះ បាន​ធ្លាក់ចុះ​២០,២​ភាគរយ ដែលមាន​ទំហំ​ទឹកប្រាក់​១,១២​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២​យ៉ាងណាក្តី​។​

​សម្រាប់​រយៈពេល​២​ខែ​ដំបូង ឆ្នាំ​២០២៣​នេះ វៀតណាម​នៅតែ​ជាទី​ផ្សារ​ធំ​ទី​ពីរ​សម្រាប់​កម្ពុជា ខណៈ​ការនាំចេញ​ទៅកាន់​ប្រទេស​នេះ​ឈានដល់​៤៩១​លាន​ដុល្លារ កើនឡើង​៣៦,១​ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ បច្ចុប្បន្ននេះ វៀតណាម​មាន​ចំណែក​១៥​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។​

​ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ចិន បាន​ធ្លាក់ចុះ​៥,៥​ភាគរយ​សម្រាប់​ខែមករា និង​ខែកុម្ភៈ​មក​នៅត្រឹម​១៩៨​លាន​ដុល្លារ​។​ប្រទេស​ចិន​មាន​ចំណែក​៦​ភាគរយ ក្នុង​ការនាំ​ចេញពី​កម្ពុជា ហើយ​បច្ចុប្បន្ននេះ ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​ទី​៥ សម្រាប់​កម្ពុជា​បន្ទាប់ពី​ប្រទេស​ជប៉ុន និង​ប្រទេស​ថៃ​។​

​កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ​២០៦​លាន​ដុល្លារ ទៅកាន់​ប្រទេស​ជប៉ុន និង​២០៤​លាន​ដុល្លារ ទៅកាន់​ប្រទេស​ថៃ​ក្នុងអំឡុង​ខែមករា​ដល់​ខែកុម្ភៈ កើនឡើង​១,៧​ភាគរយ និង​១៣,៤​ភាគរយ​រៀងៗ​គ្នា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០២២​។​

​ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ប្រទេស​ឥណ្ឌា សម្រាប់​រយៈពេល​នេះ បានបង្ហាញ​ពី​កំណើន គួរឱ្យកត់សម្គាល់​ចំនួន​១០៣,៩​ភាគរយ ដែល​ឈានដល់​២៧​លាន​ដុល្លារ ដោយ​កម្ពុជា​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ លោហធាតុ និង​សរសៃ​ទៅកាន់​ប្រទេស​ឥណ្ឌា​ជា​ចម្បង​។​

​ទន្ទឹមនឹងនេះ ប្រទេស​ថៃ​គ្រោង​នឹង​រៀបចំ សកម្ម​ភាពជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​ការនាំចេញ​នៅ​ឆ្នាំនេះ ហើយ​កម្ពុជា​គឺជា​ទីផ្សារ​គោលដៅ​មួយ ក្នុងចំណោម​ទីផ្សារ​គោលដៅ បន្ថែម​លើ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ហើយ​ប្រទេស​នេះ ក៏មាន​គោលបំណង​ពង្រីក​ទីផ្សារ​របស់ខ្លួននៅ​តំបន់​មជ្ឈិមបូព៌ា អាស៊ី​ខាងត្បូង និង​ប្រទេស​ចិន​ផងដែរ​៕ដោយៈសរិរីមតី