ចំណេះដឹង

វិស័យសារព័ត៌មានគឺមានសារសំខាន់ខ្លាំងណាសនៅក្នុងសង្គមមួយ

ដោយ៖ រតនា

ភ្នំពេញ៖ តំណាងស្ថាប័នសារព័ត៌មានCambodia Flash News នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ ត្រូវបានគេអញ្ជើញឲ្យចូលរួមចែករំលែកនូវបទពិសោធការងារក្នុងវិស័យសារព័ត៌មានដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញសរសេរព័ត៌មានកម្រិតខ្ពស់​ដែលមាន​សិក្ខាកាមចំនួន៥៦៧​​​នាក់ នៅក្នុងនោះភាគច្រើនគឺជាអ្នកសារព័ត៌មាន។

ពិធីនេះគឺបានប្រព្រឹត្តទៅនៅអគារខេរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាហៅការថា (CJDS)ដែលមានលោកបណ្ឌិតហោ គន្ធា ជាប្រធានសមាគម។  ជាមួយនោះក៏មានសាស្រ្តាចារ្យបង្រៀនអ្នកសារព័ត៌មានមួយចំនួនដូចជា លោក មឿន ឈានណារិទ្ធ ជាដើម។

លោក កង សាម៉េត និពន្ធនាយកសារព័ត៌មានCambodia Flash News ដែលហៅកាត់ថា CFNបានចែករំលែកនូវបទពិសោធការងារសំខាន់ៗដែលបានប្រឡូកដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មានជាច្រើនទសវត្សរ៍មកនេះសម្រាប់ចែកជូនទៅដល់អ្នកចូលរួម។

លោកបានធ្វើការកត់សម្គាល់ថា វិស័យសារព័ត៌មានគឺមានសារសំខាន់ណាស់ នៅក្នុងសង្គម មួយ។ មនុស្សម្នាក់ គ្រួសារមួយ ឬសង្គមមួយគឺមិនអាចនឹងសម្រេចចិត្តទៅលើកិច្ចការណាមួយបានត្រឹមត្រូវប្រសិនបើមិនមាន ឬមិនទទួលបាននូវព័ត៌មានដ៏ជាក់លាក់ឬត្រឹមត្រូវនៅក្នុងដៃរបស់ពួកគេទេនោះ។

ផ្តើមចេញពីព័ត៌មាន មានសារសំខាន់នេះ វាក៏តម្រូវឲ្យអ្នកដែលធ្វើការងារនៅក្នុងវិស័យសារព័ត៌មាននេះ គឺត្រូវតែមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីឆ្លើយតប។ ក្នុងនោះពួកគេម្នាក់ៗត្រូវតែមានចំណេះដឹងមួយដ៏រឹងមាំឬហៅថាពុទ្ធិ ពិសេសគឺភាសាជាតិរបស់ខ្លួននិងភាសាបរទេស។ ជាមួយនោះវាក៏ទាមទាឲ្យពួកគេត្រូវធ្វើខ្លួនឲ្យទៅជាមនុស្សមានគំរូល្អនៅក្នុងសង្គម,គោរពច្បាប់ និងត្រូវស្មោះត្រង់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជិវៈរបស់ខ្លួនឲ្យបានជាដាច់ខាត។

លោកបានបញ្ជាក់ថា ផ្ទុយទៅវិញប្រសិនបើអ្នកសារព័ត៌មានមិនមានលក្ខណសម្បត្តិជាមូលដ្ឋានមួយចំនួនដូចបានបញ្ជាក់ខាងលើនោះទេ គឺសាធារណជននឹងមិនមានជំនឿ ហើយពួកគេអាចនឹងជួបប្រទះនឹងហានិភ័យនៅក្នុងការបំពេញតួនាទីឬបេសកកម្មរបស់ខ្លួននៅក្នុងវិស័យសារព័ត៌មានជាមិនខានឡើយ។

ដ្បិតបេសកកម្មជាប្រវត្តិសាស្រ្តរបស់អ្នកសារព័ត៌មានគឺជាអ្នកផ្តល់ព័ត៌មាន,ផ្តល់ចំណេះដឹង,  ផ្តល់ការអប់រំ និងផ្តល់នូវការកម្សាន្តសប្បាយទៅដល់សាធារណជន ធ្វើយ៉ាងណាឲ្យសាធារណជនអាចទទួលបានព័ត៌មានពិតត្រឹមត្រូវមានមូលដ្ឋានច្បាស់លាស់ដើម្បីយកព័ត៌មានទាំងនោះឯងទៅធ្វើជាមូលដ្ឋាននៅក្នុងការសម្រេចចិត្ត។

លោក និពន្ធនាយកCambodia Flash News ក៏បានរម្លឹកទៅដល់សិក្ខាកាមដែលភាគច្រើនជាអ្នកសារព័ត៌មាន មានចំនួនដល់ទៅជិត៦០០នាក់នោះថា បច្ចុប្បន្ននេះយើងកំពុងតែស្ថិតក្នុងយុគសម័យឬហៅម្យ៉ាងទៀតថាឧស្សាហកម្ម៤.០ដែលបច្ចេកវិទ្យា(Technology)បានកំពុងដើរតួនាទីយ៉ាងសកម្មនិងជឿនលឿនបំផុត។ នៅក្នុងនោះវិស័យព័ត៌មានក៏បានអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងនិងមានការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់បំផុត។

លោក កង សាម៉េត បានបង្ហាញពីទន្នន័យជាក់ស្តែងថា មកដល់ពេលនេះកាសែតបោះពុម្ព ឬហៅថា កាសែតប្រពៃណីត្រូវបានប្រព័ន្ធព័ត៌មានអនឡាញវាយលុកស្ទើរតែអស់ទាំងស្រុងទៅហើយ។ ជាក់ស្តែងតួលេខគិតត្រឹមដើមឆ្នាំ២០២៣នេះ  នៅកម្ពុជាគឺមាន គេហទំព័រ(website) និង TV. Online មានចំនួនដល់ទៅ ៨៦១ អង្គភាព, កាសែតមាន៤៤៦ អង្គភាព,ទស្សនាវដ្តី ១៩៣អង្គភាពនិងព្រឹត្តបត្រមានត្រឹម២២អង្គភាពប៉ុណ្ណោះ។

តើស្ថិតក្នុងបរិបទ(Context)នេះអ្នកសារព័ត៌មានជាពិសេសអ្នកព័ត៌មានជើងចាស់ត្រូវធ្វើខ្លួនយ៉ាងដូចម្តេចដើម្បីឆ្លើយតប? ជាការពិតអ្នកសារព័ត៌មានត្រូវតែខំចាប់យកឱកាស(Opportunity)នេះដោយត្រូវពង្រឹងសមត្ថភាពជាពិសេសជំនាញវិជ្ជាជីរៈរបស់ខ្លួនធ្វើយ៉ាងណាខំរត់ឱ្យទាន់បច្ចេកវិទ្យា(technology)។បើមិនដូច្នោះទេយើងនឹងក្លាយខ្លួនជាអ្នករងគ្រោះឬក្លាយខ្លួនជារលកមុខដែលត្រូវរលកក្រោយរុញច្រានជាក់ជាមិនខាន។

គួរបញ្ជាក់ដែរថា នៅក្នុងឱកាសចែករំលែកនោះ អ្នកគ្រប់គ្រងវគ្គក៏បានផ្តល់ពេលវេលាឲ្យសិក្ខាកាមនិងមានអ្នកខ្លះជានិស្សិតបានចូលរួមលើកជាសំណួរនិងចម្លើយដែលពាក់ព័ន្ធទៅនឹងតួនាទីរបស់អ្នកសារព័ត៌មានរួមទាំងការងារដែលជាប់ពាក់ព័ន្ធក្នុងវិស័យសារព័ត៌មានដើម្បីទុកជាបទពិសោធផងដែរ៕