អន្តរជាតិ

អូស្ត្រាលី​នឹង​ទិញ​កាំជ្រួច Tomahawk ២២០ គ្រាប់ពី​អាម៉េរិក

ប្រទេសអូស្រ្តាលីនឹងទិញកាំជ្រួចTomahawk២២០ដើម តម្លៃរាប់រយលានដុល្លារពី​អាម៉េរិក បន្ទាប់ពី​ប្រទេសនេះទើបតែបានប្រកាសទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីៗប៉ុណ្ណោះ។

យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិអាម៉េរិក និងអូស្រ្តាលី កិច្ចព្រមព្រៀងនេះត្រូវបានយល់ព្រម ហើយនឹងត្រៀមលក់ចេញនូវកាំជ្រួច Tomahawk ២២០ដើមក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៨៩៤លានដុល្លារអាម៉េរិក។ កាំជ្រួចឆ្លងទ្វីបនេះនឹងយកទៅ     បំពាក់ប្រើជាមួយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលអូស្ត្រាលីទើបតែបានប្រកាសទិញ៣គ្រឿងពីអាម៉េរិកនាពេលថ្មីៗនេះ។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles បាននិយាយថា អូស្ត្រាលីត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ។ Marles បានប្រាប់ Channel Nine របស់អូស្ត្រាលីថា “ការធ្វើឱ្យប្រាកដថាយើងមានកាំជ្រួចវាយប្រហារចម្ងាយឆ្ងាយ គឺជាសមត្ថភាពដ៏សំខាន់សម្រាប់ប្រទេស”។ “វា​អាច​ឲ្យ​យើង​អាច​ឈាន​ទៅ​ដល់​ហួស​ច្រាំង​សមុទ្រ​របស់​យើង​បន្ថែម​ទៀត ហើយ​នោះ​ជា​វិធី​ដែល​យើង​អាច​រក្សា​សុវត្ថិភាព​អូស្ត្រាលី”។

លោក Pat Conroy រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ ការអភិវឌ្ឍអន្តរជាតិ និងប៉ាស៊ីហ្វិករបស់ប្រទេសអូស្ត្រាលី បាននិយាយថា កាំជ្រួចអាចត្រូវបានបាញ់ចេញពីនាវាមុជទឹកថ្នាក់ Virginia ដែលអូស្ត្រាលីបានប្រកាសថាខ្លួននឹងទិញពីសហរដ្ឋអាម៉េរិក៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា