សន្ដិសុខសង្គម

រថយន្ត​បុកម៉ូតូបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភា្លម បន្តបុករបាំងថ្មខ្ទេចកំណាត់មុខ

ភ្នំពេញ​៖រថយន្តតូយូតាព្រូស បានបើកបុកម៉ូតូកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាម ហើយរថយន្តបង្កបន្តទៅបុករបាំងថ្មចែកផ្លូវខូចខ្ទេចមួយកំណាត់មុខ។ហេតុការណ៍នេះបានកើតឡើង​នៅតាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១៨​ ខែមីនា​។

មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា ស្ត្រីបាត់បង់ជីវិតឈ្មោះ​ ធូ​ សុធារី​ អាយុ៥៣ឆ្នាំ ​ជាស្ត្រីមេម៉ាយ ​និងមានកូនប្រុសស្រី៣នាក់​ លក់នំគូឆាយនៅផ្សារអូឡាំពិក។

​មុនកើតហេតុ គេឃើញ​ស្ត្រីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ផ្លាកលេខភ្នំពេញ 1CB-2290 ចេញពីផ្លូវជិតផ្សារក្រមួន​ពីលិចទៅកើត​និងបានបត់ឆ្លងផ្លូវ។ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាក​តូយ៉ូតាព្រូស ​ផ្លាកលេខភ្នំពេញ2BA-3203 បើកតាមផ្លូវជាតិលេខ២​ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យស្ត្រីរូបនោះស្លាប់ភ្លាម។ រីឯរថយន្តបង្កបានរេចង្កូតទៅបុករបាំងថ្មចែកផ្លូវខូចខ្ទេចមួយកំណាត់មុខ។

បន្ទាប់មកកម្លាំងនគរបាលខណ្ឌមានជ័យ​ បានឃាត់ខ្លួនអ្នកបើកបរ ហើយយកម៉ូតូនិងរថយន្ត ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម​ដើម្បីបន្តនីតិវិធី៕​ដោយ៖វិចិត្រ