សន្ដិសុខសង្គម

រថយន្តបុកគ្នាពេញទំហឹងបន្តទៅបុកម៉ូតូ ធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាម

កណ្ដាល៖គ្រោះថ្នាក់ចរាចររវាងរថយន្តបុកជាមួយរថយន្តពេញទំហឹង រួចបន្តទៅបុកម៉ូតូ​កំពុងធ្វើដំណើរតាមផ្លូវ បណ្ដាលឱ្យបុរសជិះម៉ូតូស្លាប់ភ្លាមៗ។ហេតុការណ៍នេះបានកើតឡើង​នៅផ្លូវជាតិលេខ១ ក្នុងភូមិកោះចិន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៧ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តដឹកទំនិញម៉ាក HYUNDAI PORTER ផ្លាកលេខភ្នំពេញ 2G-4552 បើកបរដោយឈ្មោះ សុទ្ធ ភារុណ អាយុ២៤ឆ្នាំ នៅភូមិផ្សារលើ ក្រុង/ខេត្តកំពង់ឆ្នាំង។រថយន្តនេះបើកពីភ្នំពេញទៅអ្នកលឿងតាមផ្លូវជាតិលេខ១។

មកដល់កន្លែងខាងលើ បានបុកជាមួយរថយន្តដឹកអ្នកដំណើរធុនតូចម៉ាក SSANG YONG ISTANA ផ្លាកលេខភ្នំពេញ2AP-1663 បើកបរដោយឈ្មោះ អៀម រ៉េម អាយុ៤៨ឆ្នាំ នៅភូមិផ្សារត្រាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទិសដៅបញ្ច្រាសគ្នា ។ពេលនោះរថយន្តម៉ាកHYUNDAI បានបន្តទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកណ្ដាល1AH-5341 បើកបរដោយឈ្មោះ សួន ផល អាយុ៥១ឆ្នាំ នៅភូមិ៣ ខេត្តព្រៃវែង បណ្ដាលឱ្យខាងម៉ូតូស្លាប់។

បន្ទាប់មកកម្លាំងជំនាញបានចុះវាស់វែង ហើយយកមធ្យោបាយទាំង៣គ្រឿងទៅទុកនៅ​អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖វិចិត្រ