សន្ដិសុខសង្គម

នាំបុរស៣នាក់ក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាតបច្ច័យទៅតុលាការ

ព្រៃវែង៖កម្លាំងនគរបាលស្រុកស៊ីធរកណ្ដាល កាលពីថ្ងៃទី១៦ ខែមីនា បានចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធបន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាតក្នុងពិធីនានា និងនាំទៅតុលាការ។

ករណីនេះជនសង្ស័យបានប្រព្រឹត្តនៅវត្តពោធិ៍សត្ថារាម ហៅវត្តពានា ស្ថិតក្នុងភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣ នាក់ឈ្មោះណុចងែត-ភឿនភាព និងសាងស៊ាងហេង។ពួកគេមានអាយុពី១៦ដល់៣៨ឆ្នាំ ស្នាក់នៅវត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន ផ្នែកវិន័យសង្ឃបានដោះស្បង់ជីវររួចបានប្រគល់ទៅសមត្ថកិច្ចជំនាញ​ចាត់ការតាមនីតិវិធី។ក្រោយមកជនសង្ស័យ៣នាក់ត្រូវបាននគរបាលខេត្តព្រៃវែង បានកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ