អន្តរជាតិ

 តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោកពូទីន

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC នៅទីបំផុតបានចេញដីកាសម្រេចតាមចាប់ខ្លួន លោកវ្ល៉ាឌឹមៀរពូទីន ប្រធានាធិបតីរុស្ស៊ីហើយ ដោយចោទពីបទចាប់ពង្រត់កុមារអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ ICC កាលពីថ្ងៃសុក្រទី ១៧ ខែមីនា ឆ្នាំ២០២៣ សប្តាហ៍នេះ បានសរសេរថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងលោកស្រី Maria Lvova-Belova ដែលជាមន្ត្រីរុស្ស៊ី ត្រូវបានចោទប្រកាន់ថា ជាអ្នកមើលការខុសត្រូវលើការចាប់ពង្រត់កុមារអ៊ុយក្រែនដោយបង្ខំទៅកាន់ប្រទេសរុស្ស៊ី។ សម្រង់សេចក្តីថ្លែងការណ៍តាមរយៈកាសែតអ៊ុយក្រែន “វ្ល៉ាឌីមៀរ ពូទីន កើតនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ១៩៥២ ជាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ត្រូវបានចោទប្រកាន់ថាទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសប្រជាជនដោយខុសច្បាប់ (កុមារ) និងការផ្ទេរប្រជាជនដោយខុសច្បាប់ ពីតំបន់កាន់កាប់នៃអ៊ុយក្រែនទៅកាន់តំបន់នៃសហព័ន្ធរុស្ស៊ី”។ ជុំវិញដំណើរការតាមចាប់ផ្សេងទៀត ICC មិនបានបញ្ជាក់លម្អិតនោះទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៊ី Meduza អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានច្រានចោលព័ត៌មាននេះ ដោយប្រកាសថា “សេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ គឺគ្មានន័យ គ្មានអត្ថន័យអ្វីសម្រាប់ប្រទេសរបស់យើង រួមទាំងពីទស្សនៈផ្លូវច្បាប់ឡើយ”។ គួរដឹងថា ប្រទេសរុស្ស៊ីបានដកខ្លួនចេញពី ICC តំាងពីឆ្នាំ ២០១៦មកម្ល៉េះ បន្ទាប់ពីការរិះគន់ចំពោះការ បញ្ចូលឧបទ្វីបគ្រីមៀរអ៊ុយក្រែនដោយខុសច្បាប់។

យោងតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំ OSCE លោក Michael Carpenter ប្រទេសរុស្ស៊ីបាននិរទេសកុមារជិត ២០០០ នាក់ចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី១ ខែមករា។ កុមារជាង ១៦.០០០ នាក់ត្រូវបានបណ្តេញចេញពីអ៊ុយក្រែនដោយបង្ខំចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយពេញលេញ។ គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី ១៦ ខែមីនា ដែលបានរកឃើញថា ការផ្លាស់ទីលំនៅរបស់រុស្ស៊ីចំពោះកុមារអ៊ុយក្រែនទំនងពិតជាឧក្រិដ្ឋកម្មសង្គ្រាម។

ជុំវិញដំណើរការតាមចាប់ ICC ដែលមានសមាជិក១២៣ប្រទេសមិនបានបញ្ជាក់លម្អិតនោះទេ៕

ប្រភព៖The Kyiv Independent

ប្រភពរូប៖The Kyiv Independent
ប្រែសម្រួល៖សុខ តុលា