សន្ដិសុខសង្គម

តាមចាប់បុរសខ្មែរម្នាក់ក្នុងទឹកដីវៀតណាមរួចបញ្ជូនទៅតុលាការ

ព្រៃវែង៖កម្លាំងនគរបាលខេត្តព្រៃវែង-នគរបាលវៀតណាម បានសហការចាប់ជនសង្ស័យខ្មែរម្នាក់ តាមដីកាដល់ទឹកដីវៀតណាម រួចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា យោងតាមដីកាលេខ ៧២ ចុះថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៣ របស់តុលាការខេត្តព្រៃវែង បានបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ បូ សារ៉ាន អាយុ ៣៦ឆ្នាំ នៅភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ឈ្មោះនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យរបស់តុលាការ ពីបទប៉ុនប៉ងឃាតកម្ម-រំលោភលំនៅ-កាន់កាប់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវដោយខុសច្បាប់។

នៅថ្ងៃដដែល នគរបាលខេត្តព្រៃវែង បានចុះទៅដល់មូលដ្ឋានដើម្បីអនុវត្តតាមដីកាខាងលើ។ប៉ុន្តែឈ្មោះ បូ សារ៉ាន បានលួចរត់គេចខ្លួនចូលទៅប្រទេសវៀតណាម។ពេលជនសង្ស័យបានរត់គេចខ្លួនភ្លាម កម្លាំងកម្ពុជាបានទាក់ទងទៅខាងសមត្ថកិច្ចវៀតណាម។បន្ទាប់មកខាងវៀតណាមបានឃាត់ខ្លួនឈ្មោះ បូ សារ៉ាន និងឆែកឆេររកឃើញមានគ្រឿងញៀន ហើយបានបញ្ជូនមកឱ្យកម្ពុជា។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ឈ្មោះ បូ សារ៉ាន ត្រូវបានពលរដ្ឋប្តឹងថា បានប្រើកាំភ្លើងខ្លីបាញ់២គ្រាប់ នៅភូមិស្វាយចេក ស្រុកពាមជរ ខេត្តព្រៃវែង។ កម្លាំងនគរបាលក៏បានសុំដីកាដើម្បីអនុវត្តនីតិវិធី។បន្ទាប់មកតុលាការបានចេញដីកាកោះចំនួន២លើកតែបុគ្គលនេះមិនព្រមអនុវត្តតាម។រហូតដល់ថ្ងៃទី១៣ ខែមីនា សមត្ថកិច្ចបានតាមចាប់ខ្លួនបុគ្គលរូបនេះដល់ទឹកដីវៀតណាមរួចបញ្ជូនទៅតុលាការតែម្តង៕ដោយ៖វិចិត្រ