អន្តរជាតិ

ក្រសួងការបរទេសចិន៖ លោកប្រធានស៊ីនឹងជួបលោកពូទីនក្នុងទស្ស​នកិច្ចសប្តាហ៍ក្រោយ

ក្រសួងការបរទេសចិនបានជូនដំណឹងថា លោកប្រធានាធិបតីចិនស៊ីជីនពីង នឹងជួបជាមួយលោកពូទីន មេដឹកនាំរុស្ស៊ីនៅក្នុងដំណើរទស្សនកិច្ចទៅរុស្ស៊ីសប្តាហ៍ក្រោយ។

យោងតាមសារព័ត៌មានCNN ក្រសួងការបរទេសចិនបាននិយាយថា ដំណើរទស្សនកិច្ចនេះនឹង​ប្រព្រឹត្តទៅ​ពីថ្ងៃចន្ទដល់ថ្ងៃពុធសប្តាហ៍ក្រោយ តាមការអញ្ជើញរបស់លោកពូទីន ហើយបានបញ្ជាក់ថាសង្រ្គាមនៅអ៊ុយក្រែននឹងក្លាយជាផ្នែកស្នូលនៃកិច្ចចរចានោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានមានប្រសាសន៍ថា “សំណើរបស់ចិនគឺជំរុញឱ្យមានសន្តិភាព និងជំរុញការចរចា” ។ ចំណែកប្រភពពីវិមានក្រឹមឡាំងវិញបាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពី “បញ្ហាប្រធានបទនៃការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងចិន”។

ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានគេមើលឃើញថាជាការបង្ហាញដ៏មានឥទ្ធិពលនៃ​ការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះទីក្រុងមូស្គូ និងក្នុងនាមជាអ្នកសម្របសម្រួលសង្រ្គាម។ មេដឹកនាំទាំងពីរលោកស៊ី និងពូទីន បានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះ​ភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយគ្នានៅពេលដែលសង្រ្គាមកំពុងផ្ទុះឡើង។ វាក៏នឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Xi ចាប់តាំងពីទទួលបាន​អាណត្តិទីបី ដែលមិនធ្លាប់មានពីមុនមកក្នុងនាមជាប្រធានាធិបតី នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃ​សភានីតិប្បញ្ញត្តិរបស់ប្រទេសចិនកាលពីសប្តាហ៍មុន៕

ប្រភព៖CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា