សេដ្ឋកិច្ច

អគ្គនាយកពន្ធដារ អំពាវនាវដល់ម្ចាស់សហគ្រាស ប្រញាប់ដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញ ឲ្យបានមុខថ្ងៃទី៣១ ខែមីនា

ភ្នំពេញ៖លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវយ៉ាងទទូចដល់​ម្ចាស់សហគ្រាសទាំងអស់ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារសូមប្រញាប់មកដាក់លិខិតប្រកាស​និងបង់ពន្ធលើប្រាក់​ចំណេញ​ប្រចាំឆ្នាំ២០២២ឲ្យបានមុនឱសានវាទដែលត្រូវបិទ​បញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

ការថ្លែងរបស់លោករដ្ឋមន្ត្រីធ្វើឡើង ក្នុងឱកាសចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពីពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២រ​បស់​អគ្គនាយកដ្ឋាន​ពន្ធដារនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ​។

លោក គង់ វិបុល បានរំលឹកនិងអំពាវនាវដោយទទូចដល់សហគ្រាសទាំងអស់ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ សុំប្រញាប់​បរួសរាន់មកដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញរបស់ខ្លួន នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តាមការពិនិត្យមើលតាម​ប្រព័ន្ធ​អនឡាញ នៃប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារគឺមានសហគ្រាសមួយចំនួនធំហើយ ដែលបានមកដាក់លិខិត​ប្រកាសបង់ពន្ធលើប្រាក់ចំណេញនេះ ដោយគ្រាន់តែបានដាក់លិខិតប្រកាស តែការបង់ពន្ធនៅមិនទាន់បង់នៅឡើយទេព្រោះឱសាន​វា​ទ​នៃ​ការផុតកំណត់ គឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣»។

លោករដ្ឋមន្ត្រីបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ដាក់​ឲ្យប្រើប្រាស់នូវប្រព័ន្ធ ToI E-Filing អាចឲ្យអ្នកជាប់ពន្ធវាយបញ្ចូលទិន្នន័យរបស់ខ្លួន យ៉ាងងាយស្រួល។លោកបញ្ជាក់ថា តាម​ច្បាប់ និងបទបញ្ញត្តិអ្នកដែលមិនបានបំពេញកាតព្វកិច្ចប្រកាសនិងបង់ពន្ធលើប្រាក់ចំណេញ គឺត្រូវរងនូវទោសទណ្ឌពិន័យ ហើយ​ក៏ជាកម្មវត្ថុ នៃការធ្វើសវនកម្មផងដែរ៕ដោយៈសិរីមតី