សន្ដិសុខសង្គម

ស្ត្រីម្នាក់ជិះម៉ូតូបុកជាមួយរថយន្តស៊ីទែនប្រេង ដួលស្លាប់មួយរំពេច

ភ្នំពេញ៖សល់តែ១ថ្ងៃបងចូលរោងការ ប្អូនស្រីបានជួបគ្រោះថ្នាក់ចរាចរដោយជិះម៉ូតូបុករថយន្ត​ស៊ីទែនប្រេងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់មួយរំពេច។ ហេតុការណ៍នេះ​បានកើតឡើងនៅលើផ្លូវជាតិលេខ១ មុខវត្តចម្ប៉ា ក្នុងភូមិក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ។

អ្នកស្គាល់បានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ រិន ស្រីមួយ អាយុ២៤ឆ្នាំ នៅភូមិរទាំង ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពដដែលបានបន្តថា នាងបានជិះម៉ូតូទៅធ្វើការនៅម្តុំស្ពានព្រែកសំរោង។សល់តែ១ថ្ងៃទៀតប៉ុណ្ណោះ​បងរបស់នាងបានចូលរោងការនៅឯខេត្តកំពង់ធំ មិនគួរមានរឿងអកុសលបែបនេះកើតឡើងឡើយ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាប៊ីត ផ្លាកលេខភ្នំពេញ1JY-5785 ពីស្រុកកៀនស្វាយឡើងមកភ្នំពេញ តាមផ្លូវជាតិលេខ១ក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើ​មានរថយន្តស៊ីទែនដឹកប្រេងផ្លាកលេខភ្នំពេញ3D-2714 បើកមកពីមុខហើយបត់ចូលស្ថានីយ។

ពេលនោះម៉ូតូបានជ្រុលទៅបុកពេញទំហឹង ដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗ។ចំណែកតៃកុងរថយន្តក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចបានមកពិនិត្យ ហើយយករថយន្តនិងម៉ូតូទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេល​ក្រោយ៕ដោយ៖វិចិត្រ