អន្តរជាតិ

យោធាអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Mugin-5 ផលិតដោយចិន

ដោយឡែកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Mugin-5 ផលិតដោយចិននៅភាគខាងកើតនៅសប្តាហ៍នេះ ខណៈក្រមហ៊ុនចិនក៏បានចេញមុខ​ទទួលស្គាល់។

យោងតាមការចុះផ្សាយដោយសារព័ត៌មានស៊ីអិនអិន កាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា យោធាអ៊ុយក្រែនពិតជាបានបាញ់ទម្លាក់វា ខណៈដែលយន្តហោះគ្មានមនុស្សបើក​នោះគឺជាផលិតផលពាណិជ្ជកម្ម​ ដែលត្រូវបានច្នៃធ្វើសម្រាប់ប្រតិបត្តិការប្រយុទ្ធ។ កងកម្លាំងអ៊ុយក្រែន​បានបញ្ជាក់ប្រាប់ថា ពួកគេបានប្រើអាវុធធុនតូចប៉ុណ្ណោះក្នុងការបាញ់ទម្លាក់ ហើយពិតជាបានកំណត់​អត្តសញ្ញាណថាគឺជាយន្តហោះគ្មានមនុស្សបើក Mugin-5 របស់ចិនមែន។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតកម្មចិន Mugin Limited មានមូលដ្ឋាននៅទីក្រុងកំពង់ផែ Xiamen លើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន ក៏បានចេញបញ្ជាក់ ទទួលស្គាល់រួចទៅហើយដែរ។ ក្រុមហ៊ុនថា ពិតជារបស់ខ្លួនមែន តែបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់​យន្តហោះគ្មានមនុស្សបើករបស់ខ្លួនក្នុងគោលបំណងយោធាបែបនេះ។ យន្តហោះគ្មានមនុស្សបើក​ទាំងនេះអាចត្រូវបានទិញរហូតដល់ ១៥០០០ ដុល្លារតាមរយៈគេហទំព័រអ៊ីនធឺណែតទិញទំនិញរបស់ចិន Alibaba និង Taobao ៕

ប្រភព៖Ukraiska Pravda

ប្រភពរូប៖Ukraiska Pravda
ប្រែសម្រួល៖សុខ តុលា