អន្តរជាតិ

មេដឹកនាំផ្តាច់ខ្លួនគាំទ្ររុស្ស៊ី៖ ការចាប់យកបាក់មុតគឺពិបាកណាស់សម្រាប់រុស្ស៊ី

មេដឹកនាំផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីបាននិយាយថា ការចាប់យកទីក្រុងបាក់មុត ខេត្តដូណេត គឺពិបាកខ្លាំងណាស់សម្រាប់រុស្ស៊ី ខណៈមិនមានឃើញសញ្ញាណាមួយដែលថា កងកម្លាំងអ៊ុយក្រែនដកទ័ពនោះទេ។

នេះបើតាមលោក Denis Pushilin ដែលជាប្រធានដំឡើងដោយរុស្ស៊ីនៃតំបន់ Donetsk ជាមេដឹកនាំផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីបាននិយាយក្នុងបទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែមីនា ឆ្នាំ២០២៣។ លោក Pushilin បាននិយាយថា ការចាប់យក Bakhmut គឺ«ពិបាក» ពីព្រោះមិនមានសញ្ញាណាមួយដែលថាក្រុង Kyiv ត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជាឱ្យដកកងទ័ព របស់ខ្លួននោះទេ។ លោកថា “ស្ថានភាពជាពិសេសនៅ Artyomovsk នៃ [Bakhmut] នៅតែស្មុគស្មាញនិងលំបាក”។ ការប្រយុទ្ធគ្នានៅតែកំពុងបន្ត ហើយរុស្ស៊ីក៏ហាក់នឹងពិបាក ក្នុងការរុលទៅមុខបន្ថែមទៀតផងដែរ។

លោក​បាន​បន្ថែម​ថា៖ “នោះ​គឺ​យើង​មិន​ឃើញ​ថា​មាន​ការ​សន្និដ្ឋាន​ណាមួយ​ដែល​ថា​សត្រូវ​នឹង​ដក​ចេញ​ដោយស្រួលៗនោះទេ”។ យោងតាមប្រមុខមេទាហានស៊ីឈ្នួលរុស្ស៊ី Wagner លោក Yevgeny Prigozhin ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះឲ្យដឹងថា កងកម្លាំងរបស់គាត់គ្រប់គ្រងជិតពាក់កណ្តាលទីក្រុង ហើយមានសល់ផ្លូវតែមួយសម្រាប់ចេញប៉ុណ្ណោះដែលនៅមានសម្រាប់អ៊ុយក្រែន។មេទាហានរូបនេះ ក៏បានអំពាវនាវឲ្យខាងកងកម្លាំងអ៊ុយក្រែនចុះចាញ់ និងដកទ័ពចេញផងដែរ ដើម្បីជៀសវាងការ ស្លាប់ទ័ពបន្ថែមទៀត៕
ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា