សន្ដិសុខសង្គម

ប្រទះឃើញមនុស្សម្នាក់ចងកស្លាប់នៅលើដើមឈើក្នុងដីឡូត៍មួយ

ភ្នំពេញ៖បុរសម្នាក់ដើរចូលក្នុងដីឡូត៍មួយ ស្រាប់តែក្រឡេកឃើញបុរសម្នាក់ចងកនៅលើ​ដើមឈើមិនដឹងស្លាប់ពីពេលណា ក៏បានទៅប្រាប់មន្ត្រីអាជ្ញាធរឱ្យទៅពិនិត្យ។ហេតុការណ៍បង្កភ្ញាក់ផ្អើលនោះ នៅត្រង់ដីឡូត៍មួយផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា។

សពបុរសចងកសម្លាប់ខ្លួននេះសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុប្រហែលជាង៣០ឆ្នាំ-ពាក់អាវផ្កាដៃវែង-ស្លៀកខោជើងវែងពណ៌ក្រមៅ-ពាក់ស្បែកជើងប៉ាតា។

មុនកើតហេតុ មានបុរសម្នាក់បានដើរចូលដីឡូត៍ដើម្បីរកកន្លែងបត់ជើង។ពេលនោះស្រាប់តែប្រទះឃើញមនុស្សប្រុសចងកនៅលើដើមឈើមិនដឹងស្លាប់ពីពេលណា ហើយក៏បានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍សង្កាត់ព្រៃស។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្តកោសល្យវិច័យ និងគ្រូពេទ្យស្ថាប័នតុលាការភ្នំពេញ បានចុះទៅពិនិត្យសពឃើញយកខ្សែស្បែកជើង​ចងភ្ជាប់នឹងមែកឈើ។ក្រុមជំនាញបានប្រគល់សពឱ្យអាជ្ញាធរសង្កាត់ព្រៃស ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ