សន្ដិសុខសង្គម

បញ្ជាលើកបំពង់បាញ់ចំណីសត្វប៉ះខែ្សភ្លើងតង់ស្យុងខ្ពស់ឆក់ស្លាប់ភ្លាម

កំពង់ស្ពឺ៖បុរសម្នាក់បញ្ជាលើកដងបំពង់បាញ់ចំណីសត្វលើរថយន្ត បានប៉ះជាមួយខែ្សភ្លើងអត់ស្រោប​ដែលមានតង់ស្យុងខ្ពស់បណ្តាលឱ្យឆក់ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរ​ស្ពានអូរក្រាំងអំបិល តាមផ្លូវជាតិ​លេខ​៤​ ​ស្ថិតក្នុងភូមិស្លា​ ឃុំវល្លិស​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ កាលពី​ថ្ងៃទី១៦ ខែមីនា។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថា ជនរងគ្រោះបាត់បង់​ជីវិតឈ្មោះ អ៊ុន សំអន អាយុ៣៤ឆ្នាំ អ្នកបើករថយន្តដឹកចំណីសត្វ រស់នៅភូមិចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មុនកើតហេតុ ជនរងគ្រោះបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ3F-6101ដឹកស៊ីទែន​ចំណីសត្វ។មកដល់កន្លែងខាងលើស្រាប់តែរថយន្តបានបែកកង់ ហើយក៏អែបចិញ្ចើមផ្លូវដើម្បី​ដោះដូរកង់។ពេលនោះជនរងគ្រោះបានបញ្ជាដង​បំពង់បាញ់ចំណីសត្វក៏ប៉ះខ្សែភ្លើងអត់ស្រោប​ដែលមានតង់ស្យុងខ្ពស់បណ្ដាលឱ្យ​ឆ្លងចរន្ដអគ្គិសនី​ឆក់ស្លាប់ភ្លា​មៗតែម្ដង៕ដោយ៖វិចិត្រ