សន្ដិសុខសង្គម

ត្រៀមបញ្ជូនប្រុសស្រី២នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

ពោធិ៍សាត់៖សមត្ថកិច្ចខេត្តពោធិ៍សាត់ បានចាប់ប្រុសស្រី២នាក់ក្នុងបន្ទប់ផ្ទះសំណាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាមួយវត្ថុតាង ត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

កម្លាំងចុះអនុវត្តបានឱ្យដឹងថា ការចាប់ជនសង្ស័យ២នាក់បានធ្វើឡើងនៅផ្ទះសំណាក់ យីហោរលាប ក្នុងបន្ទប់លេខ១១៣ ភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៦ ខែមីនា។

ជនសង្ស័យ២នាក់-ឈ្មោះ អ៊ុន ផល្លា អាយុ៣៧ឆ្នាំ នៅភូមិដូងជ្រំ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់ ទើបចេញពីពន្ធនាគារ និងឈ្មោះ កែវ សៅរី ភេទស្រី អាយុ២១ឆ្នាំនៅ ភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ក្នុងនោះដកហូតវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន​ចំនួន​១២កញ្ចប់-ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង-ទូរសព្ទ-៦គ្រឿងនិងម៉ូតូ២គ្រឿង។

ក្រោយពីឃាត់ខ្លួននិងសាកសួររួចនគរបាលក្រុងពោធិ៍សាត់បានកសាងសំណុំរឿងត្រឿមបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ