កីឡា

ត្រៀមទទួលដង្ហែព្រះអគ្គិកីឡា(ភ្លើងគប់) ពីកីឡាករឡាវក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដ៏ឆាប់ខាងមុខនេះ

ស្ទឹងត្រែង៖  នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត​ស្ទឹងត្រែង    បានជួបប្រជុំនៅច្រកទ្វារព្រំដែន  អន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែងដើម្បីរកទីតាំង​ត្រៀមរៀបចំវេទិកាទទួលភ្ញៀវ   ដែលជាក្រុមកីឡាករឡាវ  និងទទួលយកព្រះអគ្គិ(កីឡាភ្លើងគប់)សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាគឺជាម្ចាស់ផ្ទះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣មុខនេះ។

លោក   នី   ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ក្នុងជំនួបនោះថា​ព្រះអគ្គិដែលជា​ភ្លើងអាទិទេពប្រទានតាមជំនឿសាសនានឹងត្រូវដង្ហែក្នុងក្បួនរបស់កីឡាករពីប្រទេសឡាវ។មុនចូលមកកម្ពុជាតាមច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំ ជាពិសេសក្រសួងទេសចរណ៍​នឹងអមដំណើរពីប្រទេសឡាវមកកម្ពុជាផងដែរ។

បន្ទាប់ពីទទួលយកព្រះអគ្គិកីឡាភ្លើងគប់ក៏នឹងមាននិមន្តព្រះសង្ឃសូត្រមន្តនៅច្រកព្រំដែន។បន្ទាប់ពីធ្វើពិធីតាមពេលកំណត់រួចនឹងដង្ហែពីច្រកព្រំដែនត្រពាំងក្រៀលមកកាន់ក្រុងស្ទឹងត្រែងដើម្បីរក្សាទុកភ្លើងគប់នៅទីតាំងវត្តមួយកន្លែងដែលមានឈ្មោះថាវត្តស្រះកែវមុនីវណ្ណហៅវត្តលើ ឬក៏មានការរៀបចំដង្ហែនៅតាមទីប្រជុំជនក្នុងក្រុងស្ទឹងត្រែង។

ពិធីដង្ហែព្រះអគ្គិខាងលើនេះនឹងមានការចូលរួមពីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្​ឋសិស្សានុសិស្សចូលរួមដង្ហែដ៏អធិកអធមក្នុងព្រឹត្តិការណ៍មួយនេះ។បន្ថែមពីនេះនៅតាមដងផ្លូវនឹងត្រូវ​ដាក់ទង់ជាតិ ទង់ព្រះពុទ្ធសាសនា ទង់ស៊ីហ្គេមដើម្បីអបអរពិធីនោះ។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានជំរុញឲ្យអាជ្ញាធរត្រៀមលក្ខណៈឲ្យបានល្អជាពិសេសនៅតាមដងផ្លូវត្រូវតែមានសោភ័ណភាពល្អ មិនមានសំរាមនៅក្នុងព្រឹត្តិការណ៍នេះឡើយ។

លោកនី ផល្លីបាននិយាយឲ្យដឹងទៀតថា ព្រឹត្តិការណ៍ដង្ហែព្រះអគ្គិកីឡាភ្លើងគប់នេះកម្រនឹង​បានឃើញណាស់។នេះគឺជាលើកទីមួយហើយដែលកម្ពុជាមានព្រឹត្តិការណ៍ស៊ីហ្គេមធ្វើជាម្ចាស់ផ្ទះ ហើយក្នុងនោះមានប្រទេសជាច្រើនក្នុងតំបន់អាស៊ានបានចូលរួម។ពិធីដង្ហែព្រះអគ្គិនេះគឺជា​លើកដំបូងសម្រាប់កម្ពុជាហើយរយៈពេល២០ឆ្នាំទើបមានម្ដង។

លោកថាសម្រាប់ខេត្តស្ទឹងត្រែងគឺជាភ័ព្វសំណាងដែលទទួលបានភ្លើងអាទិទេពមុនគេនិងរក្សាទុកមួយយប់ក្នុងខេត្តនេះមុនពេលដង្ហែចេញ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងទៀតថា ព្រឹត្តិការណ៍មួយនេះក៏នឹងជំរុញឲ្យ​មានការ​ផ្សព្វផ្សាយ​ពីសក្តានុពលទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងទៅកាន់មហាជន​លើពិភពលោកផងដែរ។

លោកញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែងដែលបានចូលរួមផងនោះបានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានបង្កើតគណៈកម្មការនិងមានការរៀបចំដោយយកចិត្តទុកដាក់ជាពិសេសតាមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត។ខេត្តនឹងទទួលយកកិច្ចពិភាក្សាដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំ​ឱ្យបានល្អក្នុងព្រឹត្តិការណ៍កម្រមាននេះ៕

ដោយ៖សុខុម