កីឡា

គណៈកម្មាធិកាកីឡាស៊ីហ្គេមបន្តលក់សិទ្ធិផ្សាយដល់ទូរទស្សន៍ជាតិ និងអន្តរជាតិ

ដោយ៖ ប្រសិទ្ធ

 

ភ្នំពេញ៖  ដើម្បីរួមចំណែក និងជំរុញការផ្សព្វផ្សាយនូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួត បន្តលក់សិទ្ធិផ្សាយដល់ទូរទស្សន៍ក្នុងស្រុក និងក្រៅស្រុក។

ឯកឧត្តម វ៉ាត់ ចំរើន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ក្នុងសន្និសីទស្តីពី”សារព័ត៌មាន និងការផ្សព្វផ្សាយ” ថា គណៈកម្មាធិការៀបចំការប្រកួតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅតែបន្តលក់សិទ្ធិក្នុងការផ្សព្វផ្សាយនៅឡើយទេ។ លោកបន្តទៀតថា បច្ចុប្បន្ននេះដំណើរការនៃការលក់ គឺបាន៥០ភាគ។ មានទូរទស្សន៍ធំៗមកពីតំបន់អាស៊ីអាគ្នេយ៍ចំនួន ៤ហើយ បានទិញសិទ្ធិក្នុងការផ្សព្វផ្សាយ និងទូរទស្សន៍ក្នុងស្រុកមួយចំនួនក៏បានទិញសិទ្ធិហើយដែរ។

លោកបញ្ជាក់ថា នៅមានទូរទស្សន៍ជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត កំពុងចរចាតំលៃនៅក្នុងការទិញសិទ្ធិ។ ព្រោះថានៅក្នុងថ្ងៃនេះផ្ទាល់មានអ្នកសារព័ត៌មានអន្តរជាតិប្រហែល ៥០នាក់ និងអ្នកសារព័ត៌មានក្នុងស្រុកប្រហែល ៤០នាក់ មកពីស្ថាប័នខុសៗគ្នា បានចូលរួមឈ្វេងយល់នាពេលនេះ។ការលក់សិទ្ធិនេះទៀតសោធ មិនមែនចេះតែលក់នោះទេ គឺបានទទួលសិទ្ធិ និងព្រមព្រៀងពីគណៈកម្មាធិការៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអូឡាំពិកជាតិ នៅតាមបណ្តាប្រទេសផ្សេងៗ ដោយសម្រេចលក់ក្នុងកម្រិតណាមួយ៕