សន្ដិសុខសង្គម

ក្មេងស្រីម្នាក់ជិះម៉ូតូប៉ះជាមួយរ៉ឺម៉កដួល ត្រូវកុងតឺន័រមកពីមុខកិនស្លាប់

ភ្នំពេញ​៖​ក្មេងស្រីម្នាក់បានជិះម៉ូតូម៉ាកធូដេប៉ះជាមួយរ៉ឺម៉កក្នុងដំណើរស្របគ្នា បណ្តាលឱ្យដួលត្រូវរថយន្ត​កុងតឺន័រមកពីមុខកិនស្លាប់ភ្លាមៗ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១០យប់ ថ្ងៃទី១៦ ខែមីនា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុ ក្មេងស្រីម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាកធូដេ ​ផ្លាកលេខភ្នំពេញ1CR 3328 តាមផ្លូវបេតុងពីត្បូងទៅជើងស្របជាមួយរ៉ឺម៉ក។

មកដល់កន្លែងខាងលើស្រាប់តែប៉ះជាមួយរ៉ឺម៉កបណ្តាលឱ្យដួល។ភ្លាមនោះក៏មានរថយន្តកុងតឺន័រ​បើកមកពីមុខកិនស្លាប់ភ្លាមៗ ហើយរ៉ឺម៉កនិងកុងតឺន័របើកគេចខ្លួនបាត់។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន​បានចុះទៅដល់ទីតាំងកើតហេតុទាក់ទងទៅក្រុមគ្រួសារមកទទួលយកសព។ចំណែករថយន្តបង្ក​សមត្ថកិច្ចបន្តស្រាវជ្រាវចាប់តៃកុងយកមកដោះស្រាយតាមនីតិវិធី៕ដោយ៖វិចិត្រ