សន្ដិសុខសង្គម

​ឃុំ​ខ្លួន​វៀតណាមម្នាក់ពាក់ព័ន្ធគ្រឿងញៀន ទម្ងន់ជាង១៦គីឡូក្រាម

ស្វាយរៀង៖តុលាការខេត្តស្វាយរៀង ព្រឹកថ្ងៃទី១៦ ខែមីនានេះបានសម្រេចឃុំខ្លួនជនជាតិ​វៀតណាមម្នាក់ ក្រោយឃាត់ខ្លួនរួមនិងគ្រឿងញៀនចំនួន១៦ដុំស្មើ១៦.២៣៨ក្រាម។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានចាប់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធគ្រឿងញៀនចំនួនជាង១៦គីឡូក្រាមនិងបញ្ជូនទៅតុលាការខេត្តស្វាយរៀង​ដើម្បីចាត់ការតាមច្បាប់​​។​ក្រោយមក​ត្រូវ​បានចៅក្រម​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន។

​មន្ត្រីជំនាញ​ខេត្តស្វាយរៀង​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ង្វៀង ខាញ់អាយុ ៣៥ឆ្នាំ ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន​រួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម្សៅកេតាមីនចំនួន១៦ដុំសរុបទម្ងន់​១៦.២៣៨ក្រាមគិតទាំងសម្បកវេចខ្ចប់។

គួររំលឹកថា ជនសង្ស័យរួមជាមួយវត្ថុតាងគ្រឿងញៀន ដែលប្រុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម។ករណីនេះត្រូវកម្លាំងនគរបាលខេត្តស្វាយរៀងជាមួយនគរបាលប៉ុស្តិ៍ច្រកទ្វាអន្តរជាតិព្រៃវល្លិ និងនគរបាលស្រុកកំពង់រោទ៍បង្ក្រាបកាលពីថ្ងៃទី១២ ខែមីនា នៅបន្ទប់ជួលក្នុងភូមិព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង៕ដោយ៖វិចិត្រ