អន្តរជាតិ

អ៊ុយក្រែនអះអាងថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបំបាំងកាយរុស្ស៊ី ZALA

អ៊ុយក្រែនរាយការណ៍ថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបំបាំងកាយរុស្ស៊ី ZALA នៅសប្តាហ៍នេះ ខណៈដែលយន្តហោះនេះចេះបំបាំងពីភ្នែករ៉ាដាបច្ចេកវិទ្យារបស់អ៊ុយក្រែន។

នេះដោយយោងតាមប្រភពបញ្ជាការដ្ឋានប្រតិបត្តិការ Pivnich (ភាគខាងជើង)របស់អ៊ុយក្រែន​ដកស្រង់បន្តដោយបណ្តាញសារព័ត៌មាន Ukrianska Pravda។ សេចក្តីរាយការណ៍លម្អិតបាននិយាយថា “ទាហាននៃកងពលតូចថ្មើរជើងលេខ ៥៨ ដាច់ដោយឡែក បានកំណត់អត្តសញ្ញាណបន្ទាប់ពី Hetman Ivan Vyhovskyi បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកសត្រូវ ZALA 421-16E2 UAV ដែលរុស្ស៊ីតែងអួតអាងថា មិនងាយរងគ្រោះ និងមើលមិនឃើញ។

ទាហានបាននិយាយថា គំរូនេះត្រូវបានរចនាឡើងសម្រាប់ធ្វើការស៊ើបអង្កេតលើអាកាស និងការឃ្លាំមើល ហើយត្រូវបានបំពាក់ដោយកាមេរ៉ា និងម៉ូឌុលរូបភាព។ រយៈ​ពេល​ហោះ​ហើរ​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​មាន​ដល់​ទៅ ៤ ម៉ោង រយៈ​កម្ពស់​អតិបរមា​គឺ ៣៦០០ ម៉ែត្រ ចម្ងាយ​រហូត​ដល់ ៣៥ គីឡូម៉ែត្រឯណោះ។ វាមានទម្ងន់ ៧.៥ គីឡូក្រាម និងមានស្លាបប្រវែង ២.៨ ម៉ែត្រ។ ជាមួយនឹងការរចនា “ស្លាបហោះ” របស់វា វាអាចដំណើរការក្នុងរបៀបធម្មតា និងស្ងាត់។ ទោះបីជាយ៉ាងណា ការបាញ់ទម្លាក់នេះ មិនត្រូវបានប្រភពខាងលើរាយការណ៍ថានៅទីតាំង​ម្តុំណានៃប្រទេសអ៊ុយក្រែនឲ្យប្រាកដនោះទេ។ ការផ្ទៀងផ្ទាត់កំពុងត្រូវបានធ្វើឡើងដោយ​ភ្នាក់ងារឯករាជ្យអន្តរជាតិ៕

ប្រភព៖Ukrianska Pravda

ប្រភពរូប៖Ukrianska Pravda
ប្រែសម្រួល៖សុខ តុលា