អន្តរជាតិ

ហ្សេឡិនស្គីបង្ហាញការជឿជាក់ផ្តួលរុស្ស៊ី ក្រោយកិច្ចប្រជុំចុងក្រោយជាមួយអាម៉េរិក

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានបង្ហាញការជឿជាក់ក្នុងការផ្តួលរុស្ស៊ីក្នុងសមរភូមិ ក្រោយបានជួបមហាមិត្តអាម៉េរិកនៅក្នុងកិច្ចប្រជុំចុងក្រោយនៅសប្តាហ៍នេះ។

តាមរយៈសុន្ទរកថាពេលយប់ថ្ងៃពុធទី ១៥ ខែមីនា ឆ្នាំ២០២៣ លោកVolodymyr Zelenskyy មេដឹកនាំប្រទេសអ៊ុយក្រែនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់សមភាគីទីក្រុងវ៉ាស៊ីនតោនសម្រាប់ការប្តេជ្ញាចិត្តដ៏រឹងមាំមិនរាថយ និងតែងតែនៅក្បែរលើកទឹកចិត្តអស់រយៈពេលជាង១ឆ្នាំកន្លងមក។ លោកស្គីហាក់ដូចជាជឿជាក់ណាស់ ដោយមានប្រសាសន៍ថា “កិច្ចប្រជុំមួយទៀតត្រូវបានធ្វើឡើង ក្នុងទម្រង់ Ramstein ដែលជាទម្រង់ទីដប់។ គ្រាប់រំសេវសម្រាប់ទាហានរបស់យើង, កាំភ្លើងធំ, រថក្រោះ, ការការពារផ្ទៃមេឃអ៊ុយក្រែន ទាំងអស់នេះត្រូវបានពិភាក្សាអស់ហើយ។ ហើយចុងក្រោយវាក៏មានដំណោះស្រាយ សូមអរគុណដល់សហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួល Ramstein និងដៃគូរបស់យើងទាំងអស់សម្រាប់ឆន្ទៈក្នុងការជួយដោយឥតលាក់លៀម។ នេះមានសារសំខាន់ ជាពិសេសនៅពេលនេះ នៅពេលដែលយើងមានអារម្មណ៍ថា ការឈ្លានពានរបស់រុស្ស៊ីកំពុងខិតជិតដល់ចំណុចផ្ទុះអវសាន”។

លោកស្គីថែមទាំងបានសង្កត់ធ្ងន់ទៀតថា “យើង​ត្រូវ​តែ​បង្កើន​សម្ពាធ​លើ​អំពើ​ភេរវកម្ម​ជា​ប្រចាំ។ សម្ពាធក្នុងវិស័យការពារជាតិរបស់យើង ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ក្នុងការបំផ្លាញមធ្យោបាយដែលរដ្ឋរុស្ស៊ី និងក្រុមហ៊ុនរបស់គេព្យាយាមគេចពីការដាក់ទណ្ឌកម្ម”។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំដែលបានលើកឡើងខាងលើ គឺជាជំនួបពិភាក្សាជំនួយ ចុងក្រោយបង្អស់ ហើយរបស់អាម៉េរិកនិងអ៊ុយក្រែន។ យ៉ាងណាគេនៅមិនទាន់ដឹងជាផ្លូវការនៅឡើយទេ ថាតើក្នុងជំនួយនោះមានអ្វីខ្លះ៕

ប្រភព៖UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា