សន្ដិសុខសង្គម

សមត្ថកិច្ចមិនទាន់ចាប់បានតៃកុងរថយន្តបុកម៉ូតូធ្វើឱ្យបុរសម្នាក់ស្លាប់

កំពង់ស្ពឺ៖រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បានតៃកុងរថយន្តបុកម៉ូតូបណ្តាលឱ្យ​បុរសម្នាក់ស្លាប់ភ្លាមនៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៤ ខែមីនាកន្លងទៅ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តមិនស្គាល់អត្តសញ្ញាណបានបើកពីលិច ទៅកើត។មកដល់កន្លែងខាងលើ បានបុកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ស្ពឺ1U- 7796 មកពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម។ជនរងគ្រោះបើកម៉ូតូនោះឈ្មោះជួ ប៊ុនឡេង អាយុ៣៩ឆ្នាំ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់។បន្ទាប់ពីនោះកម្លាំងនគរបាល​ចរាចរណ៍បានចុះពិនិត្យនិងយកម៉ូតូរបស់ជនរងគ្រោះទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារដើម្បីបន្តនីតីវិធី។ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ