សន្ដិសុខសង្គម

មិនទាន់រកឃើញគ្រួសារគ្រោងឆ្អឹងសពមនុស្សកប់ក្នុងភក់ប្រឡាយ

ត្បូងឃ្មុំ៖ក្រោយពីអ្នកភូមិបាននាំគ្នាបូមទឹកប្រឡាយចាប់ត្រី ស្រាប់តែប្រទះឃើញគ្រោងឆ្អឹង មនុស្សកប់ក្នុងភក់មិនដឹងស្លាប់ពីថ្ងៃណាទេ។រហូតមកដល់ពេលនេះមិនទាន់រកឃើញគ្រួសារសព នៅឡើយ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ ខែមីនា បងប្អូនក្នុងភូមិពោធិ៍ឥន្ទទី២ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បាននាំគ្នាបូមទឹកប្រឡាយដើម្បីចាប់ត្រី។ពេលបូមទឹករីងកំពុងរាវចាប់ត្រី ក៏ប្រទះឃើញគ្រោងឆ្អឹងមនុស្សកប់ក្នុងភក់ មិនដឹងស្លាប់ពីថ្ងៃណានោះទេ។

បន្ទាប់ពីមានការភ្ញាក់ផ្អើល ក្រុមជំនាញបានស្រង់គ្រោងឆ្អឹងនោះឡើងគោក រួចពិនិត្យលលាដ៍ក្បាល គ្រោងដងខ្លួននិងធ្វើកោសល្យវិច័យហើយបញ្ជាក់ថា ជាគ្រោងឆ្អឹងមនុស្សប្រុស។ ឆ្អឹងជើងឆ្វេងធ្លាប់មានរបួស ដោយបានសន្និដ្ឋានថា រយៈពេលនៃការស្លាប់ប្រមាណ៥ខែ កន្លងមកហើយ។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានវេចខ្ចប់គ្រោងឆ្អឹងនោះយកទៅកប់និងបន្តស្រាវស្រាវរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ។ករណីនេះមន្ត្រីអាជ្ញាធរក៏បានអំពាវនាវដល់សាធារណជន ប្រសិនបើមានបាត់សមាជិកគ្រួសារអាចទំនាក់ទំនងមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕ដោយ៖វិចិត្រ