សន្ដិសុខសង្គម

បើកម៉ូតូសណ្តោងរ៉ឺម៉កបុកដើមឈើធ្វើឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

បាត់ដំបង៖ម៉ូតូសណ្តោងរ៉ឺម៉កមានមនុស្សជិះ៣នាក់ បើកក្នុងល្បឿនលឿនបានជ្រុលទៅបុកដើមឈើ​ពេញទំហឹង​ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរនោះបានកើតឡើងនៅភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង កាលពីម៉ោងជាង១០ ថ្ងៃទី១៦ ខែមីនានេះ។ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានម៉ូតូសណ្តោងរ៉ឺម៉កជិះគ្នា៣នាក់បើកយ៉ាងលឿនពីលិចទៅកើត។មកដល់កន្លែងខាងលើបានរេចង្កូតទៅបុកដើមឈើពេញទំហឹងបណ្តាលឱ្យម៉ូតូបាក់ជា២កំណាត់។រីឯអ្នកបើកបរបាក់កស្លាប់ភ្លាម និងអ្នករួមដំណើរ២នាក់រងរបួសធ្ងន់។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះកួន ខែមរិន អាយុ២៤ឆ្នាំ នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល។ចំណែក២នាក់រងរបួសធ្ងន់ឈ្មោះឌឿន ចាន់ អាយុ១៥ឆ្នាំ នៅភូមិបឹង៥ ឃុំបឹង៥ដើម និងឈ្មោះសារឿន រិទ្ធី អាយុ២០ឆ្នាំ នៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់៕ដោយ៖ព្រះអង្គខ្មៅ