សន្ដិសុខសង្គម

នាំបុរសម្នាក់រឿងចេញសែកស្អុយ ១លាន៣៥ម៉ឺនដុល្លារទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចបានចាប់បុរសម្នាក់តាមដីការបស់ព្រះរាជអាជ្ញា និងនាំទៅតុលាការភ្នំពេញករណី​ចេញសែកគ្មានសាច់ប្រាក់ចំនួន១លាន៣៥ម៉ឺនដុល្លារ​ នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ។

មន្ត្រីចុះអនុវត្តបានឱ្យដឹងថា ជនសង្ស័យឈ្មោះសួន វុធ អាយុ៤៨ឆ្នាំ នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ដើមបណ្តឹងឈ្មោះយឹម សុខលី ភេទស្រី អាយុ៣៤ឆ្នាំ។ក្នុងបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យបានទាក់ទងមកខ្លួនដើម្បីដាក់ទុនរកស៊ី​លើទឹកប្រាក់ចំនួន១.៣៥០.០០០ដុល្លារ នៅហាងរបស់នាង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ដើមបណ្តឹងបានបន្តថា ដោយជឿទុកចិត្ត នាងក៏បានប្រគល់ប្រាក់ចំនួន១.៣៥០.០០០ដុល្លារ។ក្រោយមកជនសង្ស័យបានសន្យាថា រយៈពេល២ថ្ងៃនឹងប្រគល់ប្រាក់មកវិញ។ដល់ថ្ងៃកំណត់បុរសរូបនោះបានចេញសែក២សន្លឹក ហើយម្ចាស់លុយក៏យកសែកទៅបើក​ប្រាក់នៅធនាគារ តែខាងធនាគារប្រាប់ថាសែកនេះគ្មានសាច់ប្រាក់ទេ។

ពេលដឹងថាសែកស្អុយ ស្ត្រីដើមបណ្តឹងទាក់ទងទៅជនសង្ស័យ តែបុរសនេះបានគេចវេះរហូត ទើបម្ចាស់លុយប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបញ្ជូនទៅតុលាការតែម្តង។ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានបដិសេធថា មិនបានទទួលប្រាក់នោះទេ។តែបានឱ្យជនរងគ្រោះផ្ទេរលុយគណនីពី​ប្រទេសកាណាចំនួន១.៣៥០.០០០ដុល្លារ៕ដោយ៖វិចិត្រ