កម្សាន្ដ

តារាកំប្លែងល្បីឈ្មោះនាងខ្ញុងបានទម្លាយថាខ្លួនពឹងលើការងារពីរដើម្បីរស់និងដោះបំណុលគេ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ តារាកំប្លែងដែលធ្លាប់អង្រួនបេះដូងទស្សនិកជនឲ្យសើចសប្បាយ រាងតូចច្រឡឹង ស្រេង សុកាន់ដា ហៅខ្ញុង បានទម្លាយនៅលើ Facebook page ផ្ទាល់ខ្លួនថា បច្ចុប្បន្ននាងរស់នៅគឺពឹងលើការងារសិល្បៈ និងការលក់របស់ទទួលទានតាមOnline ដើម្បីទ្រទ្រង់ជីវភាព និងបន្តសងបំណុលគេ។

តារាក្រមិចក្រមើមដែលមហាជនស្ទើរទូទាំងប្រទេសបានស្គាល់អំពីទេពកោសល្យសម្តែង រឿងកំប្លែងដែលធ្វើឲ្យគ្រប់គ្នាសប្បាយរីករាយនោះ គឺធ្លាប់ជួបការលំបាកក្នុងអាជីពសិល្បៈ និងជីវិតរស់នៅប្រចាំថ្ងៃ។ រហូតដល់ធ្លាក់ខ្លួនជំពាក់បំណុលគេខ្ទង់៥០ម៉ឺនដុល្លារ ដែលអ្នកនាងបានប្រកាសក្ស័យធនម្តង់រួចមកហើយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក៏នាងនៅតែបន្តខិតខំព្យាយាមក្នុងវិថីសិល្បៈ និងការលក់ដូរឡើងវិញបន្ថែមទៀតដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងសងបំណុលគេ។ ជាក់ស្តែងមួយ   រយៈចុងក្រោយនេះគេសង្កេតឃើញនៅក្នុងការ Live នៅលើ Facebook page ឈ្មោះ Srey Knhong (កូនកណ្តុរតូច) នាងហាក់ដូចជាមានជីវិតរីករាយ ក្រោយពីខ្លួនទទួលបានការងារសិល្បៈច្រើនជាងមុន ហើយការលក់ដូរក៏មានការគាំទ្រនិងជួយទិញច្រើនពីអតិថិជន។

អ្នកនាង ខ្ញុង ក៏មិនភ្លេចទេដោយបានអរគុណចំពោះបងប្អូនទាំងអស់សម្រាប់ការស្រឡាញ់ចូលចិត្ត គាំទ្រការងារសិល្បៈរបស់នាង និងតែងតែជួយទិញរបស់របរដែលនាងបានលក់ មិនថារបស់អ្វីទេគឺគាំទ្ររហូត ដែលជាក្តីសង្ឃឹមថ្មីបន្ថែមទៀតនៅក្នុងជីវិតរបស់នាង៕