អន្តរជាតិ

ដាណឺម៉ាកបង្កើតមូលនិធិ ១ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន

រដ្ឋាភិបាលនៃប្រទេសដាណឺម៉ាកបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបង្កើតមូលនិធិចំនួន ៧ ពាន់លានក្រោនដាណឺម៉ាក ប្រហែលជាង១ពាន់លានដុល្លារអាម៉េរិកសម្រាប់ជំនួយផ្នែកយោធា ស៊ីវិល និងពាណិជ្ជកម្មដល់អ៊ុយក្រែននៅឆ្នាំនេះ។

យោងតាមការចុះផ្សាយដោយរ៉យទ័របានឲ្យដឹងថា មូលនិធិដែលត្រូវបានយល់ព្រមជាមួយភាគី ភាគច្រើននៅក្នុងសភាដាណឺម៉ាកនៅសប្តាហ៍នេះ បានកំណត់ការប្តេជ្ញាចិត្តជួយដល់អ៊ុយក្រែន ក្នុងទិដ្ឋភាពសំខាន់ ក្នុងនោះរួមមាន ៥.៤ពាន់លានក្រោនឆ្ពោះសម្រាប់ជំនួយផ្នែកយោធា ១.២ ពាន់លានក្រោនសម្រាប់ជាជំនួយស៊ីវិល និង ០.៤ ពាន់លានក្រោនសម្រាប់កិច្ចខិតខំប្រឹងប្រែង ការកសាងហេដ្ឋរចនាសម្ព័ន្ធអ៊ុយក្រែនឡើងវិញ។ ជំនួយដ៏សម្បើមនេះសរុបទាំងអស់គឺប្រហែល ៧ពាន់លានក្រោនដែលស្មើនឹង១.០១ពាន់លានដុល្លារអាម៉េរិក។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានប្រាប់អ្នកសារព័ត៌មានថា “នេះភាគច្រើនជាការឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដែលអ៊ុយក្រែនមាន ចង់បន្ថែមលើផ្នែកយោធា និងជំនួយមនុស្សធម៌ ឥឡូវនេះក៏និយាយអំពីការកសាងសំណង់ឡើងវិញផងដែរ”។

ជាការថ្លែងអំណរគុណជំនួយជាង១ពាន់លានដុល្លារនេះ ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះ សារបង្ហាញឆន្ទៈពេញចិត្តជាអនេកតាមបណ្តាញធ្វីតធ័រ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា