សេដ្ឋកិច្ច

ឆ្នាំ​២០២២ ប្រមូល​សំរាម​ជាង ១​លាន​តោន

ភ្នំពេញ​៖​ឆ្នាំ​២០២២ សំរាម​ជាង​១​លាន​តោន បាន​ត្រូវ​យកទៅ​ចាក់ និង​ដុត​កំទេចចោល​នៅ​ទីលាន​ចាក់សំរាម​ដង្កោ​។​នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក សេង វណ្ណៈ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ បានលើកឡើង ក្នុង​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ ២០២២ និង​លើក ទិសដៅ​អនុវត្ត​ការងារ ឆ្នាំ​២០២៣ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៦​ខែមីនា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​លោក សេង វណ្ណៈ បាន​លើកឡើងថា​៖ ការគ្រប់គ្រង​សំណល់ និង​បរិស្ថាន រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន ចំនួន​៣ រួមមាន ក្រុមហ៊ុន Super ៨០០, ក្រុមហ៊ុន Minuta និង​ក្រុមហ៊ុន​ស៊ីន​ទ្រី និង​សាខា កាកបាទក្រហម​រាជធានី​ភ្នំពេញ ធ្វើការ​ផ្តល់​លើ​សេវាកម្ម​ប្រមូល​និង​ដឹកជញ្ជូន​សំណល់ វេជ្ជសាស្ត្រ ។ សម្រាប់​រយៈពេល ១​ឆ្នាំ​ពេញ សំរាម​ដែល​បាន​ដឹក​យកទៅ​ចាក់ និង​ដុត កំទេច​នៅ​ទីលាន​ចាក់សំរាម​ដង្កោ មាន​ចំនួន ១.២៨៨.២២២,៥៥ តោន ។​

​យោង​របាយការណ៍​រប​ស់​ក្រសួងបរិស្ថាន​កាលពី​ឆ្នាំ​២០២១ បានឱ្យដឹងថា ក្នុង​មួយឆ្នាំ កម្ពុជា​បង្កើត​សម្រាម​រហូតដល់​ជិត​៤​លាន​តោន ពោលគឺ​បង្កើត​សម្រាម​ជាង​៣​ម៉ី​ន​តោន​ក្នុង​មួយថ្ងៃ​នៅ​ទូទាំងប្រទេស តែ​ដោយឡែក​សម្រាប់​ក្នុង​រាជធានី​ភ្នំពេញ សំរាម​មាន​ចំនួន ៣​ពាន់​តោន​ក្នុង​មួយថ្ងៃ​។​ក្នុងនោះ​សម្រាម​ម្ហូបអាហារ មាន​ចំនួន​៧.៤ ភាគរយ​, សម្រាម​ប្លា​ស្ទិ​កមាន​ចំនួន ១៨​ភាគរយ​, ក្រដាស​មាន​ចំនួន ៦​ភាគរយ​, កៅស៊ូ​និង​ស្បែ​កជាង​២​ភាគរយ និង​សំណល់​ផ្សេងៗ​ទៀត​មាន​ចំនួន​ជិត​១៩​ភាគរយ​៕ដោយៈសុភក្ត្រា