សន្ដិសុខសង្គម

ឆេះកសិដ្ឋានចិញ្ចឹមជ្រូកងាប់អស់ជាង ៣០ក្បាលចំណោម៧០ក្បាល

បាត់ដំបង៖អគ្គិភ័យបានឆាបឆេះកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង មិនអាចជួយសង្គ្រោះទាន់ បណ្តាលឱ្យជ្រូក៣៣ក្បាលបានងាប់ក្នុងចំណោមជ្រូក៧០ក្បាល។

មន្ត្រីនគរបាលបានឱ្យដឹងថា ករណីភ្លើងឆេះកសិដ្ឋានរាលឆ្លងដល់ទ្រុងជ្រូកយ៉ាងសន្ធោសន្ធៅ មិនអាចជួយសង្គ្រោះទាន់ បណ្តាលឱ្យជ្រូកចិញ្ចឹមបានងាប់ចំនួន៣៣ក្បាល។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមីនា ក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ទ្រុងចិញ្ចឹមជ្រូកខាងលើពេលកើតហេតុបានឆាបឆេះឡើងយ៉ាងលឿននោះគេធ្វើពីឈើ គួបផ្សំមានស្លឹកឈើជ្រុះច្រើនទើរនៅលើដំបូលផងដែរ។ ទ្រុងដែលឆេះនេះមានទំហំ២០គុណ៤០ម៉ែត្រ មានជ្រូកចិញ្ចឹមទាំងអស់ចំនួន៧០ក្បាល។ពេលភ្លើងឆេះមួយចំនួនធំបានរត់បោលបុកទ្រុងធ្លាយ ហើយរត់ចេញក្រៅ។រីឯមួយចំនួនទៀតគេចចេញមិនទាន់ត្រូវភ្លើងឆេះងាប់តែម្តង។

មន្ត្រីនគរបាលបានសន្និដ្ឋានថា គ្រោះអគ្គិភ័យដែលកើតឡើងឆេះបំផ្លាញកសិដ្ឋាននិងជ្រូកនេះ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕ដោយ៖ ព្រះអង្គខ្មៅ