សន្ដិសុខសង្គម

ឃាត់ខ្លួនបុរសម្នាក់ដើរកាន់ដាវតាមផ្លូវបង្កការភ័យខ្លាចដល់ពលរដ្ឋ

តាកែវ៖ កម្លាំងនគរបាលស្រុកគិរីវង់ បានឃាត់ខ្លួនបុរសម្នាក់កាន់ដាវដើរតាមផ្លូវជាតិលេខ២ បង្កការភ័យខ្លាចដល់អ្នកដំណើរនិងប្រជាពលរដ្ឋក្នុងភូមិ។

មន្ត្រីនគរបាលស្រុកគិរីវង់បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែមីនា កម្លាំងអន្តរាគមន៍ បានចេញល្បាតនៅលើផ្លូវជាតិលេខ២ ក្នុងភូមិអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈាង សារ៉ាត់ អាយុ៣២ឆ្នាំ នៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។បុរសរូបនេះបានកាន់ដាវដើរតាមផ្លូវជាតិលេខ២ ដោយមានចរិតកោងកាច បង្កឱ្យអ្នកដំណើរនិងពលរដ្ឋក្នុងភូមិមានការភ័យខ្លាច ត្រូវបានក្រុមល្បាតឃើញឃាត់ខ្លួនតែម្តង ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចពិនិត្យជនសង្ស័យគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ កម្លាំងជំនាញក៏បាននាំទៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីសាកសួរនិងកសាង សំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ