អន្តរជាតិ

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបនៅថ្ងៃព្រហស្បតិ៍នេះ

កូរ៉េខាងត្បូងរាយការណ៍មកទៀតហើយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង អន្តរទ្វីបរយៈចម្ងាយឆ្ងាយ ខណៈក្លាយជាការបាញ់លើកទី ៣ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ។

យោងតាមនាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលកូរ៉េខាងត្បូង បាននិយាយដោយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី ១៦ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា យោធារបស់កូរ៉េខាងត្បូងពិតជាបានរកឃើញមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយមួយ ដែលបានបាញ់ចេញពីជុំវិញតំបន់ Sunan នៃទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើងមែន។

ការបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្ងៃព្រហស្បតិ៍នេះ គឺជាការបាញ់បង្ហោះលើកទីបីហើយក្នុង សប្តាហ៍នេះរបស់កូរ៉េខាងជើង ខណៈពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ធ្វើដំណើរទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីបង្កើនទំនាក់ទំនង និងទប់ទល់នឹងការ ឈ្លានពានរបស់ទីក្រុងព្យុងយ៉ាង។ វាក៏កើតឡើងក្នុងពេលដែលសមយុទ្ធយោធា ទ្រង់ទ្រាយ១១ថ្ងៃរបស់អាម៉េរិក និងកូរ៉េខាងត្បូងកំពុងធ្វើឡើងនៅឧបទ្វីបកូរ៉េ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា